(បន្ទាយមានជ័យ)៖ ម្តាយខឹងកូនបង្កើតគំរាមកំហែងយកលុយទិញគ្រឿងញៀន និងបំផ្លាញទ្រព្យសម្បត្តិមិនបាន ម្តាយដាច់ចិត្តប្តឹងសមត្ថកិច្ចចាប់ខ្លួន បញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី21 ខែមិថុនា ឆ្នាំ 2021។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ក្រោយពីម្តាយបានដាក់ពាក្យបណ្តឹង លោកបានដាក់កម្លាំងចុះទៅឃាត់ខ្លួន ឃើញជនសង្ស័យកំពុងវាយបំផ្លាញសំយ៉ាបផ្ទះខ្លួន និងឃាត់ខ្លួននៅព្រឹកថ្ងៃទី20 ខែមិថុនា ឆ្នាំ2021 ចំណុចក្លឹបហាត់ប្រាណ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។
ជនសង្ស័យឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ26ឆ្នាំ បានសារភាពថា ខ្លួនរស់នៅជាមួយម្តាយម្នាក់ រូបខ្លួនតែងតែប្រាស់គ្រឿងញៀនជាប្រចាំ ពេលខ្លះខ្លួនគ្មានលុយទិញគ្រឿងញៀនមកប្រើប្រាស់ តែងតែគំរាមកំហែងម្ដាយយកលុយទៅទិញគ្រឿងញៀនរហូត ប៉ុន្តែនៅថ្ងៃសមត្ថកិច្ចចាប់ខ្លួន ពេលនោះសុំលុយម្ដាយមិនបាន ទើបមានកំហឹង ហើយខ្លួនបានយកញញួរវាយបំបាក់សំយ៉ាបផ្ទះដើម្បីយកដែក និងស័ង្កសី បំណងថ្លឹងអេតចាយលក់ ដើម្បីទិញគ្រឿងញៀនជក់។
ពេលបានចម្លើយសារភាពកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

