សមត្ថកិច្ចក្រុងតាខ្មៅឃាត់ជនសង្ស័យម្នាក់ពីបទប្រើហិង្សាលើអ្នកដទៃ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា កើតឡើងនាថ្ងៃ២២ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅចំណុចមាត់បឹងភូមិព្រែកឡុង សង្កាត់តាក្តុល  ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ០២ នាក់រួមមាន ១-ឈ្មោះសំ សុផុន ភេទស្រី  អាយុ២៦ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ និង២-ឈ្មោះជា ភារ៉ូត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ ។

ចំណែកជនសង្ស័យឈ្មោះរស់ ម៉ានិត ហៅនិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។វត្ថុតាងចាប់យកដំបងឫស្សីចំនួន១ប្រវែង៩៥សង់ទីម៉ែត្រជារបស់ជនសង្ស័យ,ចំពាមកៅស៊ូចំនួន១ និងគ្រាប់គ្រួសចំនួន៥ជារបស់ជនសង្ស័យ។

ប៉ូលិសបន្តថា ដំបូងពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងតែកើបដីជីនៅមាត់បឹង ស្រាប់តែជនសង្ស័យបានដើរមកពីក្រោយ ហើយធាក់ទៅលើជនរងគ្រោះឈ្មោះសំ សុផុន ចំខ្នងមួយជើង។ពេលនោះជនរងគ្រោះសួរទៅជនសង្ស័យថា«មានរឿងអី»ជនសង្ស័យក៏ធាក់បន្ថែមទៀតបណ្តាលឱ្យដួល ហើយទាត់ថែមពីរជើងទៀតចំទ្រូងនិងពោះ ព្រមទាំងយកដំបង ឫស្សីគប់ចំជើងទៀត។

ឃើញដូចនេះរងគ្រោះឈ្មោះជា  ភារ៉ូត បានចូលទៅជួយឃាត់តែត្រូវជនសង្ស័យយកចំពាម វាយចំក្បាលនិងវាយមួយដៃចំគុម្ពត្រចៀកខាងឆ្វេងបណ្តាលឱ្យដួលនិងធាក់ពីរជើងទៀតពេលនោះជនរងគ្រោះសំពះអង្វរទើបជនសង្ស័យឈប់វាយ។បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះកម្លាំងប៉ូលិសបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ  ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *