ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង យុវជនកាកបាទក្រហមកម្ពុជាខេត្ត (កក្រក) និងមានការចូលរួមពី អាជ្ញាធរ មូលដ្ឋាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង (ស.ស.យ.ក.) បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារមានជីវភាពខ្វះខាត ស្ថិតក្នុងបរិបទកូវីដ-19 ចំនួន៣៦គ្រួសារ នៅក្នុងភូមិសួនអំពៅកើត ភូមិទឹកផុស និង ភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះលោកជំទាវពៅ សុខ អនុប្រធានអចិន្រ្តៃយ៍សាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ជាពិសេសដោយមានការគិតគូរ និង យកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ។
លោកជំទាវ បានឱ្យដឹងថា ៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការគ្រឹះទាំង ០៧ប្រកា របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩នេះ ។
នៅក្នុងឱកាសនោះដែរ លោកជំទាវក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ ប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ៖ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៣៦គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥គីឡូក្រាម មី២កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ឃីត ១កញ្ចប់ ( មុង ១ ភួយ ១ ខ្នើយ ១ កន្ទេល ១ ក្រមា ១ សារ៉ុង ១ ) អាវយឺត ៣ និងថវិកា ៥០,០០០រៀល (ហាសិបពាន់រៀលគត់) ៕ដោយ នីយ៉ា

