កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍កំពង់អុស ឃាត់ខ្លួននាថ្ងៃអាទិត្យ ទី២៧ ខែ មិថុនា ឆ្នាំ ២០២១វេលាម៉ោង២និង៣០នាទីរសៀលនៅចំណុចទំនប់តាកុលភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាលបន្ទាប់ពីយកកាំបិតផ្គាក់កាប់គូទំនាស់ឱ្យរបួស។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឃួន ចន្តា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល (ស្នាមរបួសខ្នងខាងក្រោយ)។
ចំណែកជនសង្ស័យឈ្មោះ ស៊ុ ផានិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិ ព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យគ្មានសារធាតុញៀននៅក្នុងទឹកនោម(-)។ វត្ថុតាងចាប់យកកាំបិតផ្គាក់ផ្លែដែកដងធ្វើពីឫស្សីចំនួន០១ប្រវែង ៨៣ សង់ទីម៉ែត្រ។
សមត្ថកិច្ចបានបន្តថា ដំបូងជនរងគ្រោះឈ្មោះ ឃួន ចន្តា បានជិះម៉ូតូរបស់ខ្លួនម៉ាកAir BLADEពណ៌ខ្មៅ ចេញពីផ្ទះតែម្នាក់ឯងដើម្បីយកទឹកសុទ្ធឱ្យពូឈ្មោះ ពូន ស៊ីណាន និង ពូឈ្មោះ សាន ចាន់ណា ដែលកំពុងរៀបចំបូមទឹកនៅទំនប់តាកុល ។ លុះពេលជនរងគ្រោះជិះម៉ូតូដល់កន្លែងកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូហើយចាក់កែបម៉ូតូដើម្បីយកទឹកសុទ្ធឱ្យពូ។ខណៈពេលនោះស្រាប់ជនសង្ស័យឈ្មោះ ស៊ុ ផានិត បានយកកាំបិតផ្គាក់ពីក្នុងរោងរបស់បងប្រុសបង្កើតឈ្មោះ ស៊ុ សុភ័ក្រ កាប់ទៅលើជនរងគ្រោះពីក្រោយចំនួន០១កាំបិតផ្គាក់បណ្តាលឱ្យត្រូវខ្នងផ្នែកខាងស្តាំរងរបួសហូរ ឈាមបន្ទាប់មកជនរងគ្រោះបានមកប្តឹងដល់ប៉ូលិសប៉ុស្តិ៍កំពង់អុស។ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕ដោយ ភាវុន

