ខេត្តពោធិ៍សាត់ៈ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៧មិថុនា២០២១ម្សិលមិញក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រី០៣នាក់ បាននាំគ្នាទៅលេងទឹកស្រះ ដែលមានជម្រៅ ៤,៥ម៉ែត្របណ្តាលអោយម្នាក់លង់ទឹកស្រះស្លាប់ ។
ហេតុការខាងលើនេះបានកើតឡើង នៅចំណុច ស្រះទឹករបស់ឈ្មោះ សូត្រ រាជ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ពីក្មេងស្រីឈ្មោះ មុំ សៀវម៉ី ភេទស្រី អាយុ១៥ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាង ព្រមទាំងឈ្មោះ សាន ស្រីនាត និងឈ្មោះ ម៉ៅ ស្រីរ័ត្ន បានមកស្ទូងស្រូវ ក្បែរចំណុចកើតហេតុខាងលើ ក្រោយស្ទូងស្រូវរួច ក៏បានបបួលគ្នាទៅលេងទឹកស្រះរបស់ឈ្មោះ សូត្រ រាជ ។
នៅពេលមកដល់ស្រះទឹក ឈ្មោះ ម៉ៅ ស្រីរ័ត្ន បានចុះទៅក្នុងស្រះមុនគេដោយឈ្មោះ សាន ស្រីនាត ជាអ្នកចុះបន្ទាប់ហើយអ្នកចុះក្រោយគេ ឈ្មោះ មុំ សៀវម៉ី នៅ ពេលកំពង់លេងទឹកឈ្មោះ មុំ សៀវម៉ី បានបោះអាវវែងអោយកាន់តគ្នា ដើម្បីបង្ការគ្រោះថ្នាក់ ប៉ុន្តែដោយឈ្មោះ ម៉ៅ ស្រីរ័ត្ន មិនចេះហែលទឹកក៏ខំស្រវេស្រវាយកដៃហែលទឹក ក៏របូតដៃពីអាវវែងចូលទៅកន្លែងទឹកដែលជ្រៅជម្រៅ៤,៥មែត្រក៏លង់ស្លាប់នៅកន្លែងស្រះកើតហេតុនោះ ។
យោងតាមរបាយករណ៍របស់ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្មេងទាំង០៣នាក់ ទី០១មានឈ្មោះ មុំ សៀវម៉ី ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស .ទី២មានឈ្មោះ សាន ស្រីនាត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នឹងអ្នកទី០៣ មានឈ្មោះ ម៉ៅ ស្រីរ័ត្ន ហៅ ញ៉ ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស និងជាជនរងគ្រោះ អ្នកទាំង០៣នាក់ រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អធិការរងនគបាលស្រុកក្រគបានអោយដឹងទៀតថាក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីរ័ត្ន ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយសារជនរងគ្រោះ មិនចេះហែលទឹក ចុះលេងទឹកស្រះមានជម្រៅជ្រៅ ។
ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងស្រីរងគ្រោះជូនក្រុមគ្រួសារ សាច់ញ្ញាតដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ សុក្ខារិន

