ស្ត្រីម្នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួន ក្រោយលួងលោមកុមារី៣នាក់ លួចដោះយកគ្រឿងអលង្ការ

កណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីបានលួងលោមកុមារី៣ នាក់ លួចដោះយកគ្រឿងអលង្ការ កាលពីថ្ងៃទី២៧មិថុនាឆ្នាំ២០២១វេលាម៉ោង០៩និង ៥០នាទីនៅចំណុចក្នុងផ្សារព្រែកតូចខាងជើង ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ០៣នាក់រួមមាន ១-ឈ្មោះរ.វ.ក ភេទស្រី អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល,២-ឈ្មោះច.ស.ណ. ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលនិង៣-ឈ្មោះអ.ស.ម. ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកជនសង្ស័យឈ្មោះប៊ិន សំណល់ ហៅមុំ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅស្នាក់នៅផ្ទះជួលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលមានស្រុកកំណើតសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ១.ប្រាក់រៀលចំនួន៥០០០រៀលជាប្រភេទក្រដាសប្រាក់១០០០រៀលចំនួន០៥សន្លឹកជារបស់ជនសង្ស័យឱ្យទៅជនរងគ្រោះ,២.កងដៃចំនួន០២ធ្វើអំពីលោហ:ធាតុពណ៌លឿងនិង៣.ខ្សែកចំនួន០១ខ្សែធ្វើអំពីលោហៈធាតុពណ៌លឿងជារបស់ជនរងគ្រោះរកឃើញវិញ។

ប៉ូលិសបន្តថា កន្លងជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល១៨ខែពីបទ«អំពើលួចនៅក្រុងតាខ្មៅ ខេត្តកណ្ដាល»។នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១១ ជនសង្ស័យបានធ្វើសកម្មភាពលួងលោមជនរងគ្រោះឈ្មោះច.ស.ណ.និងជនរងគ្រោះឈ្មោះអ.ស.ម. ទៅកន្លែងស្ងាត់រួចបានដោះយកខ្សែកនិងក្រវិលពីជនរងគ្រោះរួចគេចខ្លួនបាត់។ ប៉ូលិសបន្តថា លុះនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១វេលាម៉ោង៩និង៥០នាទីជនសង្ស័យបានធ្វើសកម្មភាពម្ដងទៀត ដោយបានលួងលោមជនរងគ្រោះឈ្មោះរ.វ.ក. ទៅកន្លែងស្ងាត់រួចបានដោះយកកងដៃនិងខ្សែកពីជនរងគ្រោះហើយត្រូវប្រជាពលរដ្ឋនៅជិតនោះមកទាន់ហើយបានស្រែកថា«ចោរៗ»រួចឃាត់ខ្លួនជនសង្ស័យបានប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ព្រែកគយយកមកធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *