បន្ទាយមានជ័យ៖ចាប់បានហើយឃាតករដែលទាញពូថៅកាប់សម្លាប់ស្ត្រីម្នាក់ជាអ្នកជិតខាងរឿងទំនាស់ព្រំដី នៅព្រលប់ថ្ងៃទី27 ខែមិថុនា ឆ្នាំ2021 នៅផ្ទះជនដៃដល់ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ចយ សឺន ភេទប្រុស អាយុ 67ឆ្នាំ បានសម្លាប់ស្ត្រីរងគ្រោះឈ្មោះសួ សួង ភេទស្រី អាយុ 74ឆ្នាំ កាលពីថ្ងៃទី26 ខែមិថុនា ឆ្នាំ2021 ត្រូវចំក្បាលចំនួន៤ពូថៅ បណ្តាលឲ្យស្លាប់ភ្លាមនៅហ្នឹងកន្លែងតែម្តង នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះជនដៃដល់បានរត់គេចខ្លួន។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវចាំឃ្លាំមើលនៅផ្ទះជនល្មើស រហូតដល់វេលាម៉ោង17ថ្ងៃទី27ខែមិថុនា ឆ្នាំ2021 ជនដៃដល់ បានដើរមកផ្ទះរកបាយស៊ីក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួនភ្លាមៗ និងដកហូតវត្ថុតាង ពូថៅពុះអុស ដែលយកទៅកាប់លើជនរងគ្រោះ។
លោកបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យជនដៃដល់ទាញពូថៅកាប់លើជនរងគ្រោះនេះ ដោយសារតែ មានទំនាស់ក្នុងរឿងព្រំដីជាប់គ្នា ជាមួយស្ត្រីរងគ្រោះកន្លងមក។ ជនសង្ស័យក្រោយចាប់ខ្លួនកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕(សៅនៅ)

