កំពុងផឹកស៊ីសេពថ្នាំញៀននៅក្នុង«ហាងអាហារដ្ឋានយីហោBB»ត្រូវប៉ូលិសវ៉ៃខ្នោះ២នាក់

កណ្តាល ៖សមត្ថកិច្ចស្រុកកៀនស្វាយបានឃាត់ជនសង្ស័យ២នាក់ ខណៈកំពុងសេពថ្នាំញៀននៅក្នុង «ហាងអាហារដ្ឋានយីហោBB »នាថ្ងៃចន្ទទី ២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទីយប់នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ យឹម ចាន់ណារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាករយៈពេល១ឆ្នាំ)និង២-ឈ្មោះចាន់ តារា ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ធ្លាប់ជាប់ពន្ធនាគាខេត្តកណ្ដាលចំនួន២ លើករយ:ពេល១៨ខែ)។

វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក ចំនួន ០២កញ្ចប់ធំទម្ងន់៥,៣៣ក្រាម,២-ទូរសព្ទម៉ាក Nokia ចុចពិល ០១គ្រឿង ពណ៌ខៀវនិង៣-សម្ភារប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលភូមិធំ សហការជាមួយកម្លាំងប៉ូលិសជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានទទួលព័ត៌មានតាមរយៈទូរសព្ទដៃពីម្ចាស់ហាងអាហារដ្ឋានយីហោBB ថា«មានភ្ញៀវនៅបន្ទប់លេង ៣ កំពុងផឹកសុី និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ »។

ក្រោយពេលទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើស គ្រឿងញៀនស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯកព្រុំ សំណាង អធិការស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុក៏បានឃើញជនសង្ស័យ ២ នាក់ នៅក្នុងបន្ទប់នោះ កំពុងផឹកស៊ីមែនហើយកម្លាំងសមត្ថកិច្ចបានធ្វើការសួរនាំហើយឆែកឆេរលើខ្លួនប្រាណជនសង្ស័យឈ្មោះ យឹម ចាន់ណារិទ្ធ ភេទប្រុសបានទម្លាក់កញ្ចប់បារី ម៉ៃសេវេន ទៅលើឥដ្ឋការូរួចយកជើងជាន់ពីលើ។

ដោយមានការសង្ស័យកម្លាំងប៉ូលិសក៏រើសយកកញ្ចប់បារីនោះមកពិនិត្យមើលក៏ឃើញថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់ធំ ក្នុងកញ្ចប់បារី ហើយប៉ូលិសក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់រួមទាំងវត្ថុតាង យកមកសួរនាំនៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋានស្រុកកៀនស្វាយ។

នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថាថ្នាំញៀន «ម៉ាទឹកកកខាងលើពិតជារបស់ខ្លួនប្រាកដមែន  ដែលខ្លួនបានទិញពី ឈ្មោះ តេវ ភេទប្រុស អាយុ ប្រហែល៤០ ឆ្នាំ ជនជាតិវៀតណាម  មុខរបរពុំពិតប្រាកដ នៅម្តុំព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយទៅយកម្តងៗ ចាប់ពីសាមសិបមុឺនរៀល ទៅ ហាសិបម៉ឺនរៀលដើម្បីប្រើប្រាស់ខ្លួនឯងផង និងយកមកវេចខ្ចប់ជាកញ្ចប់តូច ៗ ដើម្បីលក់បន្តអស់រយៈ២ខែមកហើយ»។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *