អភិបាលខេត្តប៉ៃលិន ដឹកនាំមន្រ្តីរាជការបោស និងលាងសម្អាតអគារសាលារៀន ត្រៀមទុក សម្រាប់ធ្វើចត្តាឡីស័ក

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ  បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពស្ថាប័នជុំវិញខេត្ត រួមគ្នាធ្វើការបោស និងលាងសម្អាតអនាម័យ លាបថ្នាំអាគារសាលារៀន ដើម្បីរៀបចំត្រៀមជាមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កថ្មីបន្ថែមទៀត នៅក្នុងបរិវេណអនុវិទ្យាល័យហ៊ុនសែនសាលាក្រៅ និងវិទ្យាល័យ ហ៊ុន សែន ស្រុកសាលាក្រៅ និងសាលាបឋមសិក្សាភ្នំកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីរាជការ ក្នុងការត្រៀមជាស្រេចកន្លែង សម្រាប់ធ្វើចត្តាឡីស័ក ដោយនឹងដាក់ប្រជាពលករ ដែលទើបឆ្លងដែនមកពីប្រទេសថៃ ចូលមកក្នុងខេត្តប៉ៃលិន ព្រមទាំងប្រជាពលរដ្ឋ ដែលប៉ះ ពាល់ និងប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ។ ប្រភពបន្តទៀតថា ដោយសារតែសង្កេតឃើញអគារសាលារៀននៅកន្លែងនីមួយៗ មានធូលីដី ខណ:ផ្អាកការរៀនសូត្ររយ:ពេលយូរ ទើបអាជ្ញាធរ ខេត្តដឹកនាំដោយលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត ធ្វើការសម្អាតអគារទាំងអស់ខាងលើ ឱ្យបានស្អាត ងាយស្រួលក្នុងការរៀបចំដាក់គ្រែថ្មីៗ ដែលទើបតែទទួលបានពីឯកឧត្តម ហ៊ុន ម៉ាណែត ។

ប្រភពបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត បានសស្រាក់សស្រាំ នាំគ្នាបោស និងលាងសម្អាត គ្រប់បន្ទប់ទាំងអស់នៃអគារនីមួយៗ ។ ដូច្នេះ ទោះបីជាមានប្រជាពល រដ្ឋត្រូវធ្វើចត្តាឡីស័ក ច្រើនថែមទៀត ក៏អាជ្ញាធរខេត្ត អាចដោះស្រាយបញ្ហានេះបានដែរ ។

ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានណែនាំដល់មន្រ្តីទាំងអស់ ដែលចូលរួមសម្អាតបន្ទប់អគារខាងលើ ឱ្យបន្តយកចិត្តទុកដាក់ ក្នុងការរួមសាមគ្គីគ្នា ជាធ្លុងតែមួយ ដោយមិនត្រូវប្រកាន់តួនាទីអ្វីនោះឡើយ ជាពិសេសខាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវតែដាក់ វេណឱ្យលោកគ្រូ អ្នកគ្រូ ធ្វើការបោសសម្អាត អគារសាលារៀនទាំងអស់ជាប្រចំា ជាពិសេសមិនត្រូវ ទុកតុ ទូ ជារបស់សាលាឱ្យទទួលរងការខូចខាតទ្រព្យសម្បត្តិរដ្ឋនោះទេ ព្រោះសម្តេចតេជោ ខិតខំផ្តល់សម្ភារ:សិក្សាទាំងអស់ ដើម្បីជាកេរ្តិ៍ដំណែល សម្រាប់កូនចៅជំនាន់ក្រោយ ក្នុងការប្រើប្រាស់បាន យូរអង្វែង ។ លើសពីនេះ បើសិនជាមានអគារថ្មី ត្រូវឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា ចេះរៀប ចំឱ្យបានស្អាតល្អ មិនត្រូវខ្ជះខ្ជាយសម្ភារ:របស់រដ្ឋ ព្រោះជាថវិការបស់ជាតិ បើសិនជាមិនយកចិត្តទុកដាក់ថែរក្សារបស់ទាំងអស់ខាងលើឱ្យបានល្អទេ ស្មើនឹងការមិនចូលរួមចំណែកការពារថែរក្សាសម្បត្តិជាតិដែរ ៕ ដោយ ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *