កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួល ក្នុងករណីជួញដូរនិងរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នាថ្ងៃទី២៩ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចផ្លូវលេខ៥១ស្ថិតភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះប៊ុត ទុំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទងខេត្ត កំពង់ស្ពឺ(ជួញដូរ)កន្លងមកធ្លាប់ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទជួញដូរថ្នាំញៀននៅខេត្តកំពង់ស្ពឺនិង២-ឈ្មោះប្រុស ប៊ុណ្ណាភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ សព្វថ្ងៃនៅភូមិត្រពាំងល្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រក្សាទុកដើម្បីប្រើប្រាស់)។
វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន១២កញ្ចប់ធំ (១កញ្ចប់តូច១១កញ្ចប់),ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត,ទូរសព្ទដៃ០៣គ្រឿងម៉ាកអុបប៉ូ(oppo)០១គ្រឿង,ម៉ាកអាយហ្វូន០២ គ្រឿង ខូចគុណភាព០១ សុិចភ្លើសនិងម៉ូតូ០១គ្រឿងម៉ាកគុបមូលចាស់។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្ថិ៍ដំណាក់អំពិល បានចេញល្បាតក្នុងភូមិសាស្រ្ត ពេលដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យ០២នាក់កំពុងឈរក្បែរម៉ូតូគុបមូលហុចថ្នាំញៀនឱ្យគ្នា។ឃើញដូច្នេះកម្លាំងប៉ូលិសក៏បានឃាត់ទាំង០២នាក់ឆែកត្រួតពិនិត្យ ឃើញមានថ្នាំញៀនចំនួន១១កញ្ចប់នៅជនសង្ស័យឈ្មោះប៊ុត ទុំ និង០១កញ្ចប់តូចនៅជនសង្ស័យឈ្មោះប្រុស ប៊ុណ្ណា កាន់ក្តាប់នៅដៃ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៊ុត ទុំ បានឆ្លើយថា «ខ្លួនពិតបានយកថ្នាំញៀនមកលក់ឱ្យឈ្មោះ ប្រុស ប៊ុណ្ណា ពិតប្រាកដមែនហើយថ្នាំញៀនដែលខ្លួនយកមកលក់នេះគឺទិញពីឈ្មោះ អាស្មី ភេទប្រុសអាយុប្រហែល២៥ឆ្នាំ នៅភូមិព្រៃគុយឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីយកមកលក់បន្ត។
ចំណែកជនសង្ស័យ បានឆ្លើយសារភាពថា«ខ្លួនពិតជាបានទីញថ្នាំញៀន០១កញ្ចប់តូចពីឈ្មោះប៊ុត ទុំ ដើម្បីយកទៅប្រើប្រាស់(ជក់)ពិតប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ភាវុន

