(ព្រះវិហារ)៖ ព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្ដម ទីប្រឹក្សា អគ្គលេខាធិការង និងក្រុមការងារ និមានការចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បាននាំយកឧបករណ៍ សម្ភារៈ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅបំពាក់ជូនកងប្រតិបត្តិការរុករកសង្គ្រោះលេខ៧២១ របស់កងពលធំលេខ៣ ។
គួរបញ្ជាក់ផងដែរ នៅក្នុងសប្តាហ៍នេះក្រុមការងារក៏បាននាំយកឧបករណ៍ សម្ភារៈ ដូចគ្នានេះទៅបំពាក់អោយកងប្រតិបត្តិការលេខ៧០១របស់យោធភូមិភាគទី១ និងកងប្រតិបត្តិការលេខ៧០២ របស់យោធភូមិភាគទី២ផងដែរ។
ជំនួសមុខអោយកងប្រតិបត្តិការទាំង១០ ឯកឧត្ដម បានសំដែងការដឹងគុណយ៉ាងខ្លាំងចំពោះ សម្តេច ដែលបានបំពាក់ឧបករណ៍ សម្ភារៈដ៏មានតម្លៃជូនបណ្តា កងប្រតិបត្តិការ ដើម្បីមានលទ្ធភាពក្នុងការ ធ្វើប្រតិបត្តិការនូវពេលមានគ្រោះមហន្តរាយកើតឡើង។
ក្នុងឱកាសនោះ ឯកឧត្ដម ក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ចពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ជូនចំពោះនាយ នាយរង និងពលទាហានទាំងអស់ក្នុងកងពលធំលេខ៣ ដែលជាយុទ្ធមិត្តធ្លាប់រួមប្រយុទ្ធក្នុងសមរភូមិជាមួយគ្នាក្នុងការការពារបូរណភាពទឹកដី ។
ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ក៍បានណែនាំអោយបងប្អូនត្រូវទុកដាក់ ថែរក្សាឧបករណ៍ សម្ភារៈដែលបានបំពាក់អោយបានល្អ ត្រូវតាមបច្ចេកទេស និងប្រើប្រាស់អោយចំទិសដៅ ។

