ក្រោយរដ្ឋបាលខេត្តប៉ៃលិន រកឃើញអ្នកលក់នំកញ្ចប់ និង សម្ភារ:ក្មេងលេង នៅក្បែរផ្សារកើតជំងឺកូវីដ១៩ ម្នាក់ៗបារម្ភចំពោះសុវត្ថិភាពកូនៗ និងគ្រួសារ

ខេត្តប៉ៃលិន ៖ ក្រោយរដ្ឋបាលខេត្តប៉ៃលិន បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ថា ៖ កាលពីថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២១ យោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមអ្នកឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញស្រ្តីវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន០២ករណី ដោយម្នាក់ជាអ្នកលក់នំកញ្ចប់ និងសម្ភារ:ក្មេងលេងនៅក្បែរផ្សា រសាមគ្គីហៅប៉ាហ៊ី ទើបធ្វើឱ្យឪពុកម្តាយម្នាក់ៗ ព្រលឹងចុងសក់ ហើយមានការព្រួយបារម្ភចំពោះខ្លួនឯង និងសុវត្ថិភាពរបស់កូនតូច ដែលធ្លាប់នាំទៅទិញនំ និងរបស់លេងកាលពីប៉ុន្មានថ្ងៃមុន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីដែលឆ្លងជំងឺកូវីដ ១៩ ទាំងពីរករណី ទី១-ឈ្មោះ លាង សេរីលាភ ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកលក់ដូរសម្ភារ:ក្មេងលេង និងលក់នំកញ្ចប់នៅក្បែរផ្លូវចូលខាងជើងផ្សារ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប៉ះពាល់អ្នកជំងឺ ទី២- ឈ្មោះ យ៉ុង ធារី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប៉ះពាល់អ្នកជំងឺ  ។

ប្រភពបន្តទៀតថា រដ្ឋបាលខេត្តក៏បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬ ដោយប្រយោលជាមួយអ្នកជម្ងឺកូវីដ១៩ ខាងលើ សូមតាមសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

អាជ្ញាធរខេត្តក៏សូមដាសតឿន ដល់សាធារណជន និងប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្លួននូវវិធានការ «៣ការពារ គឺពាក់ម៉ាសនៅគ្រប់កន្លែងសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល និងរក្សាគម្លាតសុវត្តិភាពសង្គម ចាបពីមួយម៉ែតកន្លះឡើងទៅ និង៣កុំគឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងប៉ះពាល់គ្នា ដែលជាសារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច្រកកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *