កណ្តាលៈមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្តាលឱ្យស្លាប់យុវជន២នាក់និងរបួសធ្ងន់ម្នាក់,ខូចខាតម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿង នាថ្ងៃសុក្រទី០២ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង៨និង២៥នាទីយប់ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា Beat ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1A-1684 បើកបរដោយឈ្មោះ គល់ សីហាមុន្នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យក៏ស្លាប់,មានអ្នករួមដំណើរ០២នាក់ គឺ១-ឈ្មោះ ឃុន សូវិចារ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)និង២-ឈ្មោះឡុង គឹមលាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់)។
ម៉ូតូខាងលើនេះបានបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង លុះបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត០១គ្រឿងសណ្តោងរ៉ឺម៉ក ដែលចតឈប់ចោលនៅលើ ចិញ្ចើមផ្លូវ មានទិសដៅស្របគ្នា,រថយន្តម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-8629 រ៉ឺម៉កគ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។
បច្ចុប្បន្នជនរងគ្រោះរងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ,ឯសពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញថា«គ្រោះថ្នាក់ខាងលើបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែសឈប់ចតមិនបានដាក់ភ្លើងសញ្ញាបង្ហាញ។ចំណែកអ្នកបើកបរម៉ូតូធ្វេសប្រហែសមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ»៕ដោយ ភាវុន

