កំពង់ចាម :ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុង អំឡុងពេលនៃការ ឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន១៦៦គ្រួសារ នៅសួនក្រញ៉ូងនគរបាជ័យ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម នាព្រឹក ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ទទួល ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ឲ្យ បាន គ្រប់ៗគ្នា ខណៈ រាជរដ្ឋាភិបាល កម្ពុជា បាន ទិញ វ៉ាក់សាំង នេះ ដេីម្បី ការពារ អាយុជីវិត ពលរដ្ឋ យើង ។
ក្នុង ឱកាសនោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ក្រេីនរំលឹកដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង រីក រាលដាល នៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬ ប្រកប មុខរបរ រកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្ត វិធានការ ” ៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល អោយបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង ។
ឯកឧត្តមអភិបាលខេត្ត បាន ថ្លែង បន្ត ថា មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល មេភូមិអនុភូមិ និង មន្ត្រី សុខាភិបាល គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការ គ្រប់គ្រង ពលរដ្ឋ ចំណូល ស្រុក ដើម្បី បញ្ជូន ពួកគាត់ទៅ ធ្វើ ចត្តាឡីស័ក តាម ការ កំណត់ ហេីយ ក៏ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួម ជាមួយ តួរអង្គ ទាំង៤នេះ ដើម្បី ដាក់ ចេញ ជា សកម្មភាព មកភ្លាម ដឹងភ្លាម និង គ្រប់គ្រង ទាន់ សភាពការណ៍ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន បញ្ជក់ ថា ទោះបីជា ស្ថិត ក្នុង បរិបទ កូវីដ -១៩ ធ្វេី ឲ្យ ប៉ះពាល់ ដល់ វិស័យ ខ្លះៗ តែអាជ្ញាធរ នៅតែ ខិតខំ ធ្វើ ការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ ដោយ មាន ការ ស្ថាបនា ផ្លូវ កៅស៊ូ និង ផ្លូវ បេតុង ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ក្រុងកំពង់ចាម ដែល ត្រូវ បេីក ការដ្ឋាន នៅ ពេល ឆាប់ៗ ខាងមុខ នេះ ផងដែរ ។គួរ បញ្ជាក់ ថា អំណោយ ដែល បានផ្ដល់ ជូន ប្រជាពលរដ្ឋ ទាំង ១៦៦ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង មី ១ កេស ៕

