ឡានតូចស្លាកលេខន.ប បើកបុកជាមួយឡានធំរបួស៤នាក់នៅកៀនស្វាយ

កណ្តាល  ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តបុកជាមួយរថយន្តបណ្តាលឱ្យមនុស្សរងរបួសស្រាល៤នាក់ កើតឡើងនាថ្ងៃសៅរ៍ ទី០៣ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង៨និង៤០នាទីយប់ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែតលេខ ២៣-២៤ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តកូរ៉េ០១គ្រឿងម៉ាកHYUNDAI ពណ៌ស ចំណុះ2,5តោន ពាក់ស្លាកលេខភ្នំពេញ3B-7104 បើកបរដោយឈ្មោះប៊េន រ័ត្ន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានអ្នករួមដំណើរ០៣នាក់ទៀតរួមមាន ១-ឈ្មោះតូ ភា ភេទប្រុសអាយុ២០ឆ្នាំ ,២-ឈ្មោះសឿន គឹមសល់ ភេទប្រុសអាយុ១៨ឆ្នាំនិង ៣-ឈ្មោះរ័ត្ន រាត្រី ភេទប្រុសអាយុ១៦ឆ្នាំ ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង។

លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត០១គ្រឿងទៀតម៉ាកឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខ នគរបាល2-1906 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅអ្នកលឿងទៅ ភ្នំពេញ ហើយបើកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករថយន្តHYUNDAI smith បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងខូចខាតធ្ងន់។

ចំណែកអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល ហើយរថយន្តត្រូវបានកម្លាំងប៉ូលិសជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា «ករណីខាងលើបណ្តាលមកពីអ្នកបើកបរ រថយន្តឡិចសុីសRX330បើកបរក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្ន»៕ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *