អាជ្ញាធរបន្តបិទខ្ទប់ផ្សារសាមគ្គីហៅប៉ាហ៊ីរយៈពេល១៤ថ្ងៃបន្ថែមទៀត ក្រោយពីដឹងថាអាជីវករមួយចំនួនមិនគោរពបំរាមខណ:នាំគ្នាលក់មុនថ្ងៃប្រកាសបើក

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ផ្សារសាមគ្គីហៅ (ប៉ាហ៊ី) ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបន្តបិទបន្ថែមទៀតក្រោយពីសង្កេតឃើញមានអាជីវករមួយចំនួនដែលលក់ដូរនៅក្នុងផ្សារខាងលើបានល្មើសនឹងបំរាម ដោយនាំគ្នាទៅបើកតូបលក់ដូរមុនថ្ងៃប្រកាសឲ្យបើកដំណើរការពីសំណាក់ អាជ្ញាធរ ។

ហេតុការណ៍ហ៊ុព័ទ្ធខ្សែព័ត៍លឿងបន្ថែម១៤ថ្ងៃទៀតនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២១នេះក្រោយពីបិទអស់រយៈពេល១៥ថ្ងៃមកហើយ គឺចាប់បិទផ្សារតាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយគ្មានថ្ងៃកំណត់ ក្រោយពីរកឃើញអាជីវករកើតមានជម្ងឺកូវិដ-១៩ ។

បើតាមប្រភពពីអាជីវករដែលមកបើកតូបលក់មុនថ្ងៃប្រកាសឲ្យបើកពីសំណាក់អាជ្ញាធរបានឲ្យដឹងថា ៖ ក្រោយពីទទួលបានដំណឹងតៗ គ្នាថាខាងគណ:កម្មការផ្សារឲ្យមករៀបចំបោសសំអាតតូបនិងត្រៀមលក់ដូរឡើងវិញ ទើបពួកគាត់នាំគ្នាមកបើកបន្តបន្ទាប់គ្នាតែម្តង ។ ម្យ៉ាងវិញទៀត ដោយសង្កេតឃើញមានអ្នកខ្លះមកបើកតូបលក់ធម្មតាទើបមានអ្នកផ្សេងមកបើកជាបន្តបន្ទាប់ដែរ ដោយគិតជាភាគរយប្រហែលជា១០ទៅ ១៥ភាគរយ ។ លុះឃើញបិទបន្តទៀត ម្នាក់ៗ រអ៊ូរទាំ និងព្រួយបារម្ភពីជីវភាពប្រចាំថ្ងៃ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកអ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា៖ ដោយគេមិនទាន់គ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវិដ-១៩ នៅក្នុងផ្សារនេះបានទាំងស្រុងនៅឡើយទេ ហើយបើចង់ដឹងច្បាស់លោកឲ្យទៅសួរនាំខាងរដ្ឋបាលក្រុងប៉ៃលិនវិញ ។

ចំណែកអភិបាលក្រុងប៉ៃលិន លោក ស៊ុនយី បានឲ្យដឹងដែរថា ៖ មូលហេតុដែលអាជ្ញាធរបិទខ្ទប់បន្តទៀត ព្រោះ

ទី១. ដោយសារតែនៅក្នុងផ្សារអាចមានករណីឆ្លងបន្តទៀត ទើបធ្វើចត្តាឡីស័ក ផ្សារបន្ថែម១៤ថ្ងៃបន្ថែម ។

និងទី២. ដោយសារអាជីវករបំពានវិធានការរបស់ក្រសួងសុខាភិបាលនាំគ្នាលក់មុនថ្ងៃកំណត់ ។

ជាមួយគ្នានេះដែរ អាជីវករមួយចំនួនបានលើកឡើងថា បើការបិទដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ គឺជាការល្អពួកគាត់មានការគាំទ្រ តែបើជាការបិទព្រោះតែខឹងក្តៅក្រហាយជាមួយនឹងអាជីវករមួយចំនួន ដែលបំពាននូវវិធានរបស់ក្រសួងសុខាភិបាល គឺវាពិតជាប៉ះពាល់ដល់ជីវភាពអាជីវករមួយចំនួនធំដែរពួកគាត់គោរពតាមវិធានសុខាភិបាលសុខចិត្តបិទទ្វារតូបរហូត១៥ថ្ងៃ បែរជារងគ្រោះដូចអ្នកបំពាននោះដែរ ៕ ដោយ ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *