សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបាននាំយកអំណោយ មនុស្សធម៍ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៤៤ គ្រួសារក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖នៅថ្ងៃ សុក្រ ៨រោច ខែ បឋមាសាឍ ឆ្នាំ ត្រីស័ក ឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២ ខែ កក្កដា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា អមដំណើរដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា ប្រធាន ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤៤ គ្រួសារ (ធ្ងន់ ១ គ្រួសារ មធ្យម ១៩ គ្រួសារ ស្រាល ២៤ គ្រួសារ)ដែលទទួលរងផលប៉ះពាល់ដោយសារខ្យល់ កន្ត្រាក់កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ និងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១  នៅភូមិសាស្ត្រនៃឃុំចំនួន ៣ ក្នុងស្រុករមាសហែក ឃុំ អង្គប្រស្រែ ឃុំ ដួង និងឃុំ អណ្តូងពោធិ៍ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ឡើយ ។ ហើយសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយ ដោយ ធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

ហើយសូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ តែចេះការពារខ្លួនពីជំងឺរលាកសួត ប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុមនិងត្រូវអនុវត្តន៍ តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ និងវិធាននានារបស់ក្រសួងសុខភិបាល  និងចូលរួមគោរព ច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ដែលបណ្តាលឲ្យស្លាប់ របួស និងពិការភាព នាំឲ្យប៉ះពាល់ដល់សង្គមជាតិ។

អំណោយចែកជូនរួមមាន៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យម ចំនួន ២០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា) និងថវិកាចំនួន ៥០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២  និងថវិកាចំនួន ២០០,០០០ រៀល និង គ្រួសាររងគ្រោះតិចតួចចំនួន ២៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន ៦០,០០០ រៀល សម្រាប់ទិញសម្ភារៈជួសជុលផ្ទះឡើងវិញ។

Leave a Reply

Your email address will not be published. Required fields are marked *