ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌល ប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា និងជាអភិបាល ខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងមាន ជីវ ភាព ខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុម ការងាររបស់មូលនិធិ។
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងមណ្ឌលប៉ៃលិន បាននាំមក នូវបណ្តាំ ផ្ញើសាកសួរសុខទុក្ខពី សំណាក់លោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរាខេត្តប៉ៃលិន និងឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរា ទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។
ឯកឧត្តម សៅ សារ៉ាត់ បានលើកឡើងថា មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណង និងទិសដៅ ជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។
ឯកឧត្តមក៍បានអំពាវនាវដល់លោកយាយលោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តនូវវិធាន ចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសបងប្អូនពលករដែលទើបត្រលប់មកពី ក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនីធីចាស់ជរានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។
សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦៦នាក់ដោយ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀលផងដែរ។ដោយ នីយ៉ា

