អ្នកចិញ្ចឹមទា ពីរនាក់ប្តីប្រពន្ធត្រូវឃាតករបាញ់ប្រហារ បណ្តាលឱ្យប្រពន្ធស្លាប់និងប្តីរងរបួសធ្ងន់

កណ្តាល ៖ អ្នកចិញ្ចឹមទា ពីរនាក់ប្តីប្រពន្ធត្រូវឃាតករបាញ់ប្រហារ បណ្តាលឱ្យប្រពន្ធស្លាប់និង ប្តីរងរបួសធ្ងន់ នៅចំណុចរោងចាំទា ព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោងប្រហែល ១ រំលងអធ្រាត្រ លុះព្រឹកឡើងទើបដឹង តាមរយៈកូនទៅរើសពងទា ហើយសមត្ថកិច្ចមិនទាន់សន្និដ្ឋានជាករណីប្លន់ឬគំនុំនៅឡើយ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ០២នាក់រួមមាន ១-ឈ្មោះ យឹម គឹមហុក ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា នៅភូមិកើតហេតុជាប្ដីរងរបួសធ្ងន់និង២-ឈ្មោះ សុន ស្រឿន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទានៅភូមិជាមួយគ្នាជាប្រពន្ធ ស្លាប់នៅនឹងកន្លែងកើតហេតុ។ វត្ថុតាងចាប់យក សំបកគ្រាប់កាំភ្លើងខ្លីចំនួន១០គ្រាប់ជារបស់ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។

សមត្ថកិច្ចបន្តថានៅថ្ងៃទី០៤កក្កដាឆ្នា២០២១វេលាម៉ោង៨និង៣០នាទីយប់ជនរងគ្រោះទាំងពីរបានឱ្យកូនប្រុសឈ្មោះហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ។ ពេលឌុបមក ដល់កូនក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញហើយជនរងគ្រោះក៏ដេកនៅរោងទា ទាំងពីរនាក់ប្តីប្រពន្ធ។ នៅក្នុងអំឡុងម៉ោងប្រហែល១រំលងអធ្រាត្រ មានជនមិនស្គាល់មុខប្រដាប់ដោយអាវុធខ្លីមិនស្គាលម៉ាក បានមកបាញ់ប្រហារទៅលើជនរងគ្រោះទាំង២នាក់បណ្តាលឱ្យស្លាប់ប្រពន្ធ និង ប្តីរបួស់ធ្ងន់។

សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី០៥កក្កដាឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីព្រឹក ឈ្មោះ ហុក ភូណាន់ ជាកូនបានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមាន​ឈាមពេញខ្លួន និង ឪពុករងរបួសឈាមពេញខ្លួនរងរបួសធ្ងន់ ហើយបានរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍ ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងសមត្ថកិច្ចជំនាញស្រុកបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធ ហើយបានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំនួន១០គ្រាប់និងមានស្នាមកាប់ជញ្ជាំងស័ង្កសីចំនួន០២ កន្លែង។ចំពោះករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ផងដែរ៕ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *