កំពង់ធំ÷ ស្ថិតក្នុងដំណាក់កាល ដែលគណៈកម្មាធិការបង្ក្រាប បទល្មើសធនធានធម្មជាតិ ថ្នាក់ជាតិ កាន់តែរឹតបន្តឹងច្បាប់ ការពារផលអនុផលព្រៃឈើនោះ បែរជានៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ និងឃុំក្រយារ ស្រុកសន្ទុក នៅតែបន្តការដឹកជញ្ជូនឈើដូចព្យុះ ចេញពីដែនព្រៃឡង់ និងព្រៃអង់តែន ជារៀងរាល់ថ្ងៃ។
ឯសមត្ថកិច្ចបរិស្ថាន និងមេព្រៃ គឺមានស្នាក់ការនៅតាមផ្លូវនោះ រាប់ភ្លេច ដែលធ្វើឲ្យមានមតិ មហាជន គិតថា ជារឿងត្រូវរ៉ូវគ្នា ។
ដោយឡែក កាលពីវេលាចុងសប្តាហ៏នេះ-នៅ ត្រង់ចំណុច ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីឡានដឹកឈើចេញពីដែនព្រៃឡង់១គ្រឿង បានបើកបុក បុរសម្នាក់ស្លាប់យ៉ាងគគ្លើន នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កនោះ គេស្គាល់ថា ជា រថយន្តរបស់ ឈ្មោះស៊ី ណា ជាឈ្មួញឈើដុះស្លែ មួយរូប នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់នេះ។
ប្រភពព័ត៌មានដដែលនេះ បានបន្តថា រថយន្តនេះ ម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខ ( ភ្នំពេញ 2P-0140) ដឹកឈើចេញពីផ្លូវសំអោង ក្នុងល្បឿនលឿន ក៏រ៉េចង្កូតចូលគន្លងផ្លូវខាងជនរងគ្រោះ ហើយក៏បុកជនរងគ្រោះ ពេញមួយទំហឹងតែម្ដងទៅ នៅខណៈដែល ជនរងគ្រោះកំពុងជិះម៉ូតូ បញ្ច្រាស់ទិសគ្នា។
ភ្លាមៗនោះ រថយន្តបង្ក ព្យាយាមបើកគេច ទាំងក្នុងរថយន្តមានផ្ទុកឈើពេញ ប៉ុន្តែ រថយន្តបែកកង់ ក៏បានត្រឹមតែបើកមកលាក់ទុកក្នុងបរិវេណ សាលាបឋមសិក្សា វង្សមានរិទ្ធ។
ជនរងគ្រោះឈ្មោះណែម ឡេង អាយុ៤៨ឆ្នាំ នៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នរថយន្តនេះ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសណ្តាន់ រង់ចាំចំណាត់ការបន្តតាមនិតិវិធី។
ចំណែកបទល្មើសដឹកជញ្ជូនឈើ ចេញពីដែនព្រៃអង់តែន តាមផ្លូវឃុំក្រយៀ ចេញមកឃុំកំពង់ថ្ម ស្រុកសន្ទុកវិញ គឺសុទ្ធតែឈើហ៊ុបមូល មុខកាត់ធំៗទៀតផង គឺផ្ទុកក្នុងរថយន្តសាំយ៉ុង និងគោយន្ត ដោយពួកគេបើកលឿនដូចខ្យល់ព្យុះ មិនខ្វល់នឹងបង្កគ្រោះថ្នាក់ចរាចរ ដល់ អ្នកដ៏ទៃឡើយ។ព្រមទាំងអួតអាងថាពួកគេបានត្រូវរ៉ូវ ជាមួយសមត្ថកិច្ច។

