ឃាត់ជនសង្ស័យម្នាក់ចំណោម៣នាក់ពាក់ព័ន្ធករណីលួចនៅស្រុកមុខកំពូល

កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម កាលពីថៃ្ងចន្ទ ទី៥កក្កដាឆ្នាំ២០២១វេលាម៉ោង០៣ទៀបភ្លឺ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ឡូញ ភាព ភូមិ ព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ឡូញ ភាព ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខែ្មរ មុខរបរ កសិករមានទីលំនៅបច្ចុប្បន្នភូមិ ព្រែកឫស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ សម្ភារបាត់បង់ ទូរសព្ទចំនួន០៣ គ្រឿង (១.ទូរសព្ទម៉ាក iPhone ពណ៌ខ្មៅចំនួន០១គ្រឿង, ២.ទូរសព្ទម៉ាកhowie  ពណ៌ទឹកប្រាក់ចំនួន០១គ្រឿងនិង៣.ទូរសព្ទម៉ាកOppo ពណ៌ព្រីងទុំចំនួន០១គ្រឿង)។

ចំណែកជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ សាន វិសាល ហៅញ៉ុយ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),២-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(គេចខ្លួន)និង៣-ឈ្មោះ ទួក ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន ១-កាំបិតប៉័ងតោចំនួន០១ដងធ្វើអំពីឈើប្រវែង ១៣សង់ទីម៉ែត្រ ទទឹងដង២ សង់ទីម៉ែត្រ មានបាញ់គ្រាប់វីសចំនួន ០៣ ផ្លែប្រវែង ១៨សង់ទីម៉ែត្រ ទទឹងផ្លែ ប្រវែង៨.៧ សង់ទីម៉ែត្រ នៅខាងចុងផ្លែមានចោះរន្ធចំនួនមួយ,២-ដាវដែកកែច្នៃពណ៌ខ្មៅ ដងធ្វើអំពីឫស្សីប្រវែង១៦ សង់ទីម៉ែត្រទទឹងដងប្រវែង២សង់ទីម៉ែត្រ ផ្លែប្រវែង៥២សង់ទីម៉ែត្រ ទទឹងផ្លែប្រវែង ៣,៥សង់ទីម៉ែត្រ ខាងចុងមុខស្រួច ចំនួនមួយ,៣-ទូរសព្ទម៉ាកOppo ពណ៌ព្រីងទុំ ចំនួន០១និង៤-ដែកកេះចំនួន ០៦ ។

សមត្ថកិច្ចបន្តថា កន្លងមកជនសង្ស័យឈ្មោះ សាន វិសាល ហៅ ញ៉ុយ និងបក្សពួកឈ្មោះ សុខ ពៅ ឈ្មោះ ទួក និងឈ្មោះ  ជ័យ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាពលួចនៅក្នុងមូលដ្ឋានដូចជា ទូរសព្ទ និងម៉ូទ័របូមទឹកតាមដងព្រែក ។

លុះនៅថ្ងៃទី០៤កក្កដាឆ្នាំ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ ជនសង្ស័យខាងលើនិងបក្សពួកឈ្មោះ ជ័យ បាននាំគ្នាទៅទិញថ្នាំញៀន០១កញ្ចប់តូចតម្លៃ២ម៉ឺនរៀល នៅម្តុំស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មធ្យោបាយម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ១២៥ស៊េរី ២០១៤ ដែលជារបស់ឈ្មោះ ជ័យ ។

សមត្ថកិច្ចបន្តថា ក្រោយពីទិញថ្នាំញៀនរួចមកនៅវេលាម៉ោង៧យប់ ជនសង្ស័យបានចេញពីផ្ទះ ភ្ជាប់ជាមួយកាំបិតប៉័ងតោចំនួន ០១ គោលបំណងទៅហៅឈ្មោះ ជ័យ ដើម្បីជក់ថ្នាំញៀននៅក្នុងកន្រ្តប់ព្រៃ ចំណុចកន្លែងជាងដែក ស្ថិតនៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល រហូតដល់ម៉ោង៩យប់ ទើបបែកផ្លូវគ្នា។

ពេលនោះជនសង្ស័យបានដើរមកជួបបក្សពួក របស់ខ្លួនឈ្មោះ ទួក និងឈ្មោះ សុខពៅ ដោយមានកាន់ដាវនៅនឹងដៃនាំគ្នាទៅកន្លែងប្រើប្រាស់គ្រឿងញៀនវិញ ។ បន្ទាប់មកក៏បង្កាត់ភ្លើងអាំងត្រីដែលសុំបានពីគេ រួចមកក៏នាំគ្នាដេកលេងរហូតដល់ម៉ោង០៣ទៀបភ្លឺនាថ្ងៃទី០៥កក្កដា២០២១  ជនសង្ស័យទាំងបីនាក់បានចេញធ្វើសកម្មភាពលួចនៅផ្ទះជនរងគ្រោះឈ្មោះឡូញ ភាព បានទូរសព្ទចំនួន០៣គ្រឿងដូចបានរៀបរាប់ខាងលើចែកគ្នាម្នាក់ចំនួន០១ ហើយក៏មកផ្ទះរៀងៗខ្លួន ។

សមត្ថកិច្ចបន្តទៀតថា លុះដល់វេលាម៉ោង ០៤ទៀបភ្លឺ ថ្ងៃដដែលជនរងគ្រោះបានក្រោកពីដេក ផ្អើលឆោឡោបាត់ទូរសព្ទក៏នាំគ្នាដើររកឃើញជនសង្ស័យឈ្មោះសាន វិសាល ហៅញ៉ុយ កំពុងដេកនៅ​ក្រោមដើមស្វាយក្នុងដីឡូត៍មួយកន្លែងមិនស្គាល់ឈ្មោះ ដោយមានការសង្ស័យក៏ទៅឆែក មើលហើយឃើញទូរស័ព្ទម៉ាកOppo របស់ខ្លួននៅនឹងជនសង្ស័យឈ្មោះសាន វិសាល ហៅញ៉ុយ ក្នុងនោះក៏ឃើញមានកាំបិតប៉័ងតោចំនួន០១, ដែកកែច្នៃពណ៌ខ្មៅចំនួន០១និងដែកកេះហ្គាសចំនួន០៦ នៅនឹងខ្លួនជនសង្ស័យឃើញដូច្នេះបងប្អូនជនរងគ្រោះបាននាំគ្នាឃាត់ខ្លួនជនសង្ស័យខាងលើនិងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំបួរមាស និង ដាក់ពាក្យបណ្ដឹងតែម្ដង ។

ក្រោយពីប៉ូលិសប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងរួចមកជំនាញបានធ្វើការសាកសួរជនសង្ស័យឈ្មោះ សាន វិសាល ហៅ ញ៉ុយ នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួននិងបក្សពួកខាងលើពិតជាបានធ្វើសកម្មភាពលួចទូរសព្ទដៃចំនួន០៣ គ្រឿង របស់ជនរងគ្រោះឈ្មោះ ឡូញ ភាព ពិតប្រាកដមែន» ។

ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូលដើម្បីកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *