កណ្តាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចខ្សែភ្លើងភ្ជាប់ម៉ាស៊ីនត្រជាក់ក្នុងរោងចក្រហ្គាវ័ន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្ដាល នាថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីល្ងាច។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ម៉ៃ និមិត្ត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររដ្ឋបាលរោងចក្រហ្គាវ័ន មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យឈ្មោះ យ៉ុន ហេង ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ ស្នាក់នៅតាមសួនមាត់ទន្លេច្បារតាខ្មៅ មានស្រុកកំណើតភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ខ្សែភ្លើងតភ្ជាប់ម៉ាស៊ីនត្រជាក់មួយដុំ ជារបស់រោងចក្រហ្គាវ័ន។
សមត្ថកិច្ចបន្តថា ដំបូងជនសង្ស័យបានផ្លោះរបងចូលក្នុងរោងចក្រហ្គាវ័ន រួចបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានមួយដុំ ហើយក៏ត្រូវសន្តិសុខមកទាន់ចាប់ខ្លួនបានរួចរាយការណ៍មកខាងរដ្ឋបាលរោងចក្រ ហើយខាងរដ្ឋបាលរោងចក្រក៏បានតេប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅចុះមកឃាត់ខ្លួន រួចបញ្ជូនមកអធិការដ្ឋានក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ភាវុន

