ខេត្តកំពង់ឆ្នាំង :អភិបាល អភិបាលរងខេត្ត និងមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ខែកក្កដា ឆ្នាំ ២០២១ បានទទួលអំណោយពីព្រះសង្ស និង សប្បុរសជនជាបន្តបន្ទាប់ ដែលមកពីស្ថាប័នផ្សេងៗគ្នា ក្នុងគោលបំណង រួមគ្នាជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
អំណោយដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងទទួលបានពីព្រះសង្ឃនិងសប្បុរសជននៅព្រឹកនោះរួមមាន ទី១ អង្ករចំនួន១០ ការុងស្មើនឹង៥០០ គីឡូក្រាម បានមកពីមន្ត្រីសង្ឃ គង្គក្នុងវត្ត ពុទ្ធោ និង វត្ត សេកមោសុបុប្ផាសាមគ្គីមហាវិហារ ស្ថិតក្នុងស្រុករលាប្អៀរ និងវត្ត សាមគ្គីបរិបុណ្ណារាម ក្នុងស្រុកបរិបូរណ៌ ទី២ អំណោយមកពីសមាគមខ្មែរ វៀតណាម នៅកម្ពុជា មានម៉ាស់ចំនួន៥កេះ និងជែលលាងដៃ៥កេះ និង ទី៣ជាអំណោយរបស់ សមាគមសហព័ន្ឋវិនិយោគកម្ពុជា និង សមាគម យុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់របស់ លោក សាង អ៊ាប ជាតំណាងដឹកនាំអំណោយក្រុមទី៣នេះបានឱ្យដឹងថាៈ អំណោយដែលលោកដឹកនាំមកនេះ ជារបស់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ផ្តល់ជូន អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងនោះមាន ទឹកលាងសំអាតបំបាត់ក្លិនចំណុះ 100 ml មួយកេះ,ទឹកលាងសំអាតបំបាត់ក្លិនចំណុះ 500 ml មួយកេះ, ជែលលាងសំអាតដៃចំណុះ 100 ml 5កេះ ជែលលាងសំអាតដៃចំណុះ 500 ml 5កេះ, ម៉ាស2កេះធំ និងម៉ាស៊ីនវាស់កំដៅចំនួន 3គ្រឿង សរុបទឹកប្រាក់មានចំនួន 1880 ដុល្លារ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក ជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងនៅអំណរព្រះគុណ ដល់មន្ត្រីសង្ឃ គង្គក្នុងវត្តទាំង៣ និងអរគុណដល់សប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នាផ្តល់អំណោយជាគ្រឿងសម្ភារៈ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 នាពេលនេះ ។
ឯកឧត្តម លោកជំទាវ បានសន្យាថានឹងយកទ័យទាន មានអង្ករ ទៅចែកជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាលីស័ក នៅតាមលំនៅដ្ឋាន ចំណែកសម្ភារៈ សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត19 នឹងយកទៅចែកជូនដល់ប្រជាពលរដ្ឋ និង ប្រើប្រាស់ឱ្យចំទិសដៅ សម្រាប់ប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ19 ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ អភិបាលរងខេត្ត ក៍បានរាយការណ៍ពីស្ថានភាពជំងឺកូវីដ19 កំពុងតែមានសន្ទុះខ្លាំងឡើង នៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាទូទាំងប្រទេសផងដែរ ។
ហើយ អំណោយដែលទទួលបាន នៅពេលនេះ គឺស្របទៅនឹងកាលៈទេសៈដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវការជាចាំបាច់ ក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-19 ។
តាមរយះនេះផងដែរអភិបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាធ្វើការទប់ស្កាត់ជម្ងឺកូវិដ១៩នៅតាមបណ្តាសហគមន៍និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃនិងអាកុលសាប៊ូឬជែលនិងអនុវត្តន៣កុំនិង៣ការពារ៕ដោយ សុក្ខារិន

