អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ចុះផ្តល់ថ្នាំកសិកម្មដល់ប្រជាពលរដ្ឋរងគ្រោះដោយសារសត្វ ពីងពាងក្រហមស៊ីបំផ្លាញនៅក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដឹកនាំមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ដោយមានការចូលរួមពីក្រុងការងារ និងតំណាងក្រុមហ៊ុនចែកចាយថ្នាំកសិកម្ម បានអញ្ជើញចុះពិនិត្យទីតាំងចំការដំឡូងមីប្រជាពលរដ្ឋ ដោយមានការចែកជូននូវថ្នាំកសិកម្ម ដល់ពួកគាត់ ស្ថិតនៅក្នុងភូមិអូរខ្ទីង និងភូមិអូរប្រឹស ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានទទួលរងគ្រោះដោយសារការបំផ្លាញ ពីសត្វល្អិតពីងពាងក្រហម ។

ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យបន្តខិតខំប្រឹងប្រែងដាំដុះដំណាំតាមលក្ខណ:បច្ចេកទេស ដែលខាងមន្ទីរធ្លាប់ចុះ អប់រំណែនាំ ដើម្បីទទួលបានផលខ្ពស់ និងជៀសវាងទទួលរងការបំផ្លិចបំផ្លាញ ពីសត្វល្អិតផងដែរ ។ ឯកឧត្តម ក៏បានជំរុញ ឱ្យកសិករទាំងអស់ក្នុងភូមិដាំបន្លែប្រចាំគ្រួសារ ដូចជាសណ្តែក ត្រសក់ ត្រកួន និងបន្លែ ដែលមានរយ: ពេលខ្លី សម្រាប់បេះលក់នៅទីផ្សារ បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសឯកឧត្តមក៏បាន អប់រំឱ្យប្រជាពលរដ្ឋ ទាំងអស់ ចេះថែរក្សាអនាម័យ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ ។ លើសពីនេះ ពេលចេញដើរទៅក្រៅ ត្រូវពាក់ម៉ាសការពារ និងត្រូវលាងដៃជាមួយអាល់កុល ឬជែល ដើម្បីកំចាត់មេរោគ កុំឱ្យឆ្លងចូលក្នុងគ្រួសារ ។

ចំណែកប្រជាពលរដ្ឋ ដែលបានទទួលថ្នាំកសិកម្មពីអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន មានការត្រេកអរយ៉ាងខ្លាំង ហើយក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្ត ទុកដាក់ក្នុងការចុះពិនិត្យមើលដំណាំដាំដុះរបស់ខ្លួន ហើយតែងតែបញ្ជូនឱ្យខាងមន្ទីរ កសិកម្មខេត្តចុះទៅណែនាំពីរបៀបដាំ ដុះ ដែលត្រូវតាមលក្ខណ:បច្ចេកទេស ដើម្បីឱ្យទទួលបានផលច្រើន ។

ពួកគាត់ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្តជាពិសេសឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឱ្យទទួលបាននូវសុខភាពល្អកម្លាំងមាំមួនប្រាជ្ញាឈ្លាវៃបន្តដឹកនាំប្រជាពលរដ្ឋក្នុងខេត្តឱ្យមានការរីកចម្រើន ក៏សូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ។

សូមបញ្ជាក់ផងដែរថា ៖ នៅក្នុងភូមិទាំងពីរខាងលើនេះ មានផ្ទៃដីដាំ ដំណាំដំឡូងមីសរុបចំនួន 400ហិកតា ក្នុងនោះរងការបំផ្លាញពីពាងក្រហមចំនួន180ហិកតា ៕ ដោយ ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *