ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ នៅស្រុកស្ទឹងត្រង់

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការ សាខា កាកបាទក្រហម ខេត្ត  អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នារសៀល ថ្ងៃទី ៦  ខែកក្កដា  ឆ្នាំ ២០២១ នេះ  បាននាំយកអំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធាន កាកបាទក្រហម កម្ពុជា  ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ នៅឃុំសូភាស ស្រុកស្ទឹងត្រង់។

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កអោយមានការខូចខាតដល់លំនៅដ្ឋានបងប្អូន  ហើយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាលសម្តេចលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា  បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩   ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង , ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា  ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ”  អោយបានគ្រប់ៗគ្នា ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ និង អាវយឺតចំនួន៤ ។ ដោយឡែក ចំពោះថវិកា ក៏បានផ្តល់ជូន តាមទំហំខូចខាតផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *