ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងលេខ១៥៤/២១ស.ជ.ណ. ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តប៉ៃលិន ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមាន អាយុចាប់ពី១៨ឆ្នាំឡើងទៅ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានលើកឡើងថា ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេសនៅតំបន់មានហានិភ័យ ។
លោកជំទាវបានបន្តទៀតថា តំណាងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល រួមទាំងសម្តេចទាំងទ្វេ តែងតែរួមសុខរួមទុក្ខ គិតគូរពីសុខភាពជីវភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ។
គោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ ទទួលបានសុខភាពល្អ ជាម្លប់ដ៍ត្រជាក់ត្រជុំសំរាប់កូនចៅជារៀងរហូត ។ លោកជំទាវបញ្ជាក់ថា ត្រៀម ត្រៀម បងប្អូនអ្នកមានគុណ នៃនយោបាយ ឈ្នះ ឈ្នះ របស់យើងមិនទុកយើងឯកោឡើយ” ។
យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ មានរយៈពេល១៤ថ្ងៃ គឺចាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង៨:០០ នាទីព្រឹក ដល់ម៉ោង ១១:០០នាទី ពេលរសៀលចាប់ពីម៉ោង២:០០ នាទីរសៀល ដល់ម៉ោង ៥:០០នាទីល្ងាច នៅតាមទីតាំងដូចខាងក្រោម ៖
ទី១. ក្រុងប៉ៃលិន
ទីតាំងទី១ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំនួន០២កន្លែង
ទីតាំងទី២ មណ្ឌលសុខភាពក្រចាប់ ចំនួន ០១កន្លែង
ទី២. ស្រុកសាលាក្រៅ
ទីតាំងទី១ មណ្ឌលសុខភាពផ្សារព្រំ ចំនួន ០២កន្លែង
ទីតាំងទី៣. មណ្ឌលសុខភាពស្ពង់ ចំនួន ០១កន្លែង
ទីតាំងទី៤. មណ្ឌលសុខភាពភ្នំព្រាល ចំនួន ០១កន្លែង
សូមបញ្ជាក់ សូមកុំភ្លេចភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ៕ ដោយ ៖ នីយ៉ា

