ខេត្តពោធិ៍សាត់:ក្មេង ស្រី អាយុ ១៣ ម្នាក់ បាន ស្លាប់ ភ្លាមៗ នៅ កន្លែង កើតហេតុ និង ក្មេង ប្រុស ម្នាក់ ទៀតបានរង របួស ធ្ងន់ដោយសារ រថភ្លើងបើកកិន ខណៈ ពួក គេ កំពុង ដេក លក់ នៅ លើ ផ្លូវ រថភ្លើង ។
ហេតុការខាងលើនេះបានកើតឡើងនៅក្នុងចំណុចខាងកើតផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលមានចំងាយ ១៥០ ម៉ែត្រ ស្ថិត ក្នុងភូមិបំណក់ ឃុំ ឈើ តុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការដ្ឋាន នគរបាល ស្រុក ក្រគរ បានប្រាប់ឲ្យដឹងនៅរសៀលនេះថា តាម ការ បញ្ជាក់ ពី ភ្នាក់ងារ ដែលនៅសម្រួល ចរាចរណ៍ លើ ដងផ្លូវ ដែកបានអោយដឹងថាមាន រថភ្លើង១ខ្សែបើកឆ្លងកាត់ នៅ វេលា ម៉ោង ០៤ ព្រឹក ថ្ងៃ ទី ០៧ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុចកើតហេតុខាងលើក្នុងទិសដៅពីលិចទៅកើត។លុះ ព្រឹក ឡើង ស្រាប់តែ ឮដំណឹង ថាមាន មនុស្ស ត្រូវ រថភ្លើង កិន បណ្តាល ឲ្យ ក្មេង ប្រុស ស្រី ពីរនាក់ស្លាប់និងរបួសធ្ងន់ផងដែរ ។
បើយោង តាម ការ ពិនិត្យ របស់ សមត្ថកិច្ច ជំនាញ នៅ កន្លែង កើតហេតុ បាន បញ្ជាក់ ថា ជន រង គ្រោះ ពិត ត្រូវ រថភ្លើង កិន ប្រាកដ មែន ដោយ ជន រង គ្រោះ ម្នាក់ ភេទ ស្រី ដែល ដេក កើយ ផ្លូវ រថភ្លើង ត្រូវ បាន រថភ្លើង កិន ចំ ក និងក្បាលបណ្តាលអោយស្លាប់នៅនិងកន្លែង ដោយឡែកក្មេងប្រុសរងគ្រោះម្នាក់ទៀត ត្រូវ បានរថភ្លើង កិន បណ្តាល ឲ្យ រង របួស ដាច់ ម្រាមដៃ ខាងឆ្វេង និង របួស ផ្នែកក្បាល ។
ករណី គ្រោះថ្នាក់លើផ្លូវដែកខាងលើនេះ សមត្ថកិច្ច បាន ដាក់ការសន្និដ្ឋានថា គឺ បណ្តាល មក ពី ពួក គេ ដើរ ស្វែងរក រើស អេ ត ចាយ លុះដល់ យប់ ជ្រៅ ងងុយដេក ក៏ នាំ បងប្អូន ដេក កើយ នៅលើ ផ្លូវ រថភ្លើង ទើបបណ្តាលអោយរថភ្លើងបើកកិនតែម្តង ។
លោក អធិការ នគបាលស្រុកក្រគបាន បញ្ជាក់ អោយដឹងបន្ថែម ទៀតថា ជន រង ជនរងគ្រោះទាំង២នាក់ខាងលើនេះ ជនរងគ្រោះទី ១ ឈ្មោះ ញ៉ាញ់ អិត ភេទ ស្រី អាយុ ១៣ ឆ្នាំ ស្លាប់ នៅ កន្លែង កើតហេតុ ជនរងគ្រោះទី ២ ឈ្មោះ ញ៉ាញ់ ញៀន ភេទ ប្រុស អាយុ ៨ ឆ្នាំ រង របួស ដាច់ ម្រាមដៃ ខាងឆ្វេង និង រង របួស ក្បាល ត្រូវបានបងប្អូនសាច់ញ្ញាតបញ្ជូន ទៅ ព្យាបាល នៅ មណ្ឌល់ សុខភាព ឈើ តុំស្រុកក្រគខេត្តពោធិ៍សាត់ ។
អធិការនគបាលស្រុកក្រគថាជន រង គ្រោះ ទាំង ០២ នាក់ មាន ទីលំនៅ ភូមិ ចាមចាស់ ឃុំ ឈើតុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ន សព ក្មេង គ្រោះ ត្រូវ បាន សមត្ថកិច្ច ធ្វើ កំណត់ហេតុ និង ប្រគល់ ជូន ក្រុម គ្រួសារ ដើម្បីដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ដោយ សុក្ខារិន

