ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអង្គារ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧ ត្តម សេនីយ៍ មាស សា វ៉ ន អគ្គនាយក អគ្គនាយក ដ្ឋាន យោធ សេវា ក្រសួងការ ពារ ជា តិ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះសង្ឃ ក្នុងភូមិសាស្ត្រក្រុងបាវិត។
មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បញ្ជាក់ថាយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះគឺជាការគិតគូក្រោមការយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ជូនប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លងរាលដាលបាន មួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង នាថ្ងៃនេះ មានចំនួន៣ក្រុង-ស្រុករួមមាន ៖ (១)ក្រុងបាវិត មានចំនួន២ទីតាំង ទទួលខុសត្រូវ ចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ(២)រុកកំពង់រោទិ៍ មានចំនួន១០ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និង(៣) ស្រុករំដួលមានចំនួន៨ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ។
ឯកឧត្តម នាយឧ ត្តម សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយក ដ្ឋាន យោធ សេវា ក្រសួងការ ពារ ជា តិ មានប្រសាសន៍ថា នេះជាថ្ងៃទីមួយនៃការបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋក្រុងបាវិត ដែលប្រព្រឹត្ត ទៅដោយមានការសហការជាមួយរដ្ឋបាលខេត្ត-ក្រុងព្រមទាំង អាជ្ញាធរពាក់ព័ន្ធដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងតាមលំដាប់លំដោយរបស់ក្រុមគ្រូពេទ្យបានរៀបចំជូន។
ឯកឧត្តម នាយឧ ត្តម សេនីយ៍ បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ ជាដើម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការ ពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម បន្តថា ការគិតគូដ៏ឈ្លាសវ៉ៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំង និងបានចាត់ឱ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ ព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។
បន្ទាប់ពីចប់កម្មវិធីបើកនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅក្រុងបាវិត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យនៅតាមទីតាំង ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ និងស្រុករំដួល ខេត្តស្វាយរៀង ផងដែរ៕

