កណ្តាល ៖ បុរសម្នាក់ធ្លាប់ជាប់គុកហើយមិនរាងចាលបាន ប្រើហិង្សានិងធ្វើឱ្យខូចខាត ដោយចេតនាកើតឡើងនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនៅចំណុច ផ្ទះរបស់ឈ្មោះ ធឿន វិច្ឆិកា ស្ថិតក្នុង ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល វាយបងស្រីថែមទៀតត្រូវប៉ូលិសឃាត់ខ្លួននៅរសៀលថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ ។ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះធឿន វិច្ឆិកា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាបងស្រីបង្កើត ។
ចំណែកជនសង្ស័យដែលប៉ូលិសឃាត់ខ្លួនឈ្មោះ ធឿន ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាលត្រូវជាប្អូនប្រុសបង្កើត។ វត្ថុតាងចាប់យក ចបជីកចំនួន១ធ្វើអំពីដែកបំពង់មានតឫស្សីផ្នែកខាងចុង សរុបមានប្រវែង ១.២៥ម (ដែកមានប្រវែង ១.០៦មនិងឫស្សីមានប្រវែង ១៩ស.ម) ។
ប៉ូលិសបន្តថា កន្លងមកជនសង្ស័យឈ្មោះ ធឿន ឧត្តម ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួនមួយលើករយៈពេល ០៦ខែ ពីបទ«ធ្វើឱ្យខូចខាតដោយចេតនាកាលពីឆ្នាំ២០២០»។
បន្ទាប់ពីបានចេញពីពន្ធនាគារជនសង្ស័យតែងតែដើរលេង និង ផឹកស្រាជាប្រចាំ មិនគិតជួយធ្វើការងារផ្ទះក្រុមគ្រួសារឡើយ ។បន្ទាប់មកនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨ព្រឹក ឪពុករបស់ជនសង្ស័យបានស្ដីប្រដៅណែនាំឱ្យជនសង្ស័យឈប់ដើរលេង និងផឹកស្រា ហើយខំជួយធ្វើការក្រុមគ្រួសារទៅ ។ពេលនោះស្រាប់តែជនសង្ស័យខឹង ហើយបានយកចបជីក ទៅវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះបណ្ដាលឱ្យមានការខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួន ។បន្ទាប់មកស្អែកឡើងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ធឿន វិច្ឆិកា ត្រូវជាបងស្រី បន្ទាប់ពីឃើញប្អូនរបស់ខ្លួនប្រព្រឹត្តទង្វើខាងលើ ក៏បានស្ដីប្រដៅណែនាំបន្ថែម បណ្ដាលឱ្យជនសង្ស័យខឹង រួចក៏បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះតែម្ដងថែមម្នាក់ទៀត ។ ដោយទ្រាំនឹងទង្វើររបស់ប្អូនខ្លួនមិនបាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកអំបិលឱ្យជួយអន្ដរាគមន៍ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី៨កក្កដាឆ្នាំ២០២១ ៕ ដោយ ភាវុន

