កំពង់ធំ: នៅថ្ងៃចុងសប្តាហ៍នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមនិងសហការី នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៦គ្រួសារ ដែលធ្វើឲ្យប៉ះពាល់បើកដំបូល ចំនួន ៧១ខ្នងផ្ទះ និងរលំទាំងស្រង់ ចំនួន ៦ ខ្នង ព្រមទាំងបណ្ដាលឲ្យមានអ្នករងរបួសស្រាលចំនួនពីរនាក់ផងដែរ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពុកម៉ែបងប្អូន ដែលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់នៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម បានសម្ដែងនូវការសោកស្ដាយបំផុតចំពោះការបាត់បង់នូវទ្រព្យសម្បត្តិក៏ដូចជាការខូចខាតផ្ទះសំបែង ដែលបង្ករឡើងដោយគ្រោះមហន្តរាយនៅពេលនេះ ហើយគ្រោះមហន្តរាយនេះ តែងតែកើតមានឡើងនៅគ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់ចង់ជួបនោះទេ។ ដូច្នេះសូមពុកម៉ែបងប្អូននៅពេលដែលមានភ្លៀងលាយឡំជាមួយនឹងខ្យល់ខ្លាំង សូមរកទីជម្រកណាមួយដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។
ទន្ទឹមនិងជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់ក្នុងខេតឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយសូមរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និង
សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ហើយវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ ។

