កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ,ខូតខាតម៉ូតូធ្ងន់និងរថយន្តស្រាល កើតឡើងនៅត្រង់ចំណុចខាងមុខការ៉ាស់សាំងតេលាលោក ស្រេង លើផ្លូវជាតិលេខ២១ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨និង១០នាទីយប់។
សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1Y-6723(ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)អ្នកបើកម៉ូតូឈ្មោះ អុី ត្រាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្ដាល ម៉ូតូបើកបរក្នុងទិសដៅពីជើងទៅត្បូង។
លុះបើកដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកHINO ពណ៌ស ពាក់ស្លាកភ្នំពេញ 3D-6051 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណរថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង បញ្រ្ចាស់ទិសគ្នាបណ្តាលឱ្យរបួសអ្នកបើកបរម៉ូតូធ្ងន់ធ្ងរត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។
បច្ចុប្បន្ន មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន

