កណ្តាល ៖ ជនសង្ស័យម្នាក់ឆក់ខ្សែកអ្នកដំណើរមិនបានសម្រេច ក៏ជួបសមត្ថកិច្ចរត់ចូលក្នុងស្ទឹងក្រោមស្ពាន ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន កាលពីថ្ងៃសៅរ៍ទី១០ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទីព្រឹក នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ សុខ វ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែករាំង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខភ្នំពេញ1IM-8296ជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព។
សមត្ថកិច្ចបន្តថា ខណៈពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតាមផ្លូវ៥០ម៉ែត្រឆ្ពោះមកស្ពានព្រែកហូរ,ពេលនោះស្រាប់តែជនសង្ស័យខាងលេីជិះម៉ូតូមកពីក្រោយដល់ទន្ទឹមរួចធ្វេីសកម្មភាពឆក់ខ្សែក តែពុំបានសម្រេចទេដោយម៉ូតូប៉ះគ្នាបណ្តាលឱ្យដួល ហេីយជនសង្ស័យបានរត់ចោលម៉ូតូ ។
ចំណែកជនរងគ្រោះបានជិះម៉ូតូមករាយការណ៍ប្រាប់សមត្ថកិច្ចគោលដៅស្តុបព្រែកហូរ ក្នុងពេលដែលនោះជនសង្ស័យក៏ត្រឡប់មកយកម៉ូតូរបស់ខ្លួនវិញ ជិះមិនកើតបានហៅម៉ូតូកង់បីដឹកមកដល់ស្តុបព្រែកហូរត្រូវបានសមត្ថកិច្ចហៅសួរនាំស្រាប់តែជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងទឹកស្ទឹងក្រោមស្ពានព្រែកហូរក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ ភាវុន

