ឈើលេខ១ចំនួន៩៩ដុំ ដែលក្រុមឈ្មួញលាក់ទុក ដើម្បីដឹកជញ្ជូនតាមរថយន្តសេរីទំនើបៗ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនៅស្រុកសង្គមថ្មី

 

ព្រះវិហារៈ បទល្មើសដឹកជញ្ជូនឈើលេខ១ ជាប្រភេទឈើសុក្រម និងឈើឈ្លីក របស់ក្រុមឈ្មួញ ដែលបានកើតមានក្នុងស្រុកសង្គមថ្មី ជាយូខែកន្លងមកហើយ មិនដែលមានសមត្ថកិច្ចណាបង្ក្រាបបាននោះទេ ពេលនេះត្រូវបានបង្ក្រាបហើយ។

មន្រ្តីផ្នែករដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជារបស់ ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងលោក នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២១ បានរៀបចំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាដឹកបទល្មើសព្រៃឈើនៅក្នុងស្រុកសង្គមថ្មី ជាលទ្ឋផលបានរកឃើញក្រុមឈ្មួញយកឈើមកលាក់ទុកចំនួន ០៤កន្លែង នៅតាមក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សារុបមានឈើចំនួន ៩៩ដុំ ជាឈើអាជាបួនជ្រុង មុខកាត់ចាប់ពី១៥ជុំ រហូតដល់ ៤០ជុំ។

បន្ទាប់ពីបានរកឃើញឈើទាំងនោះ លោក តូ សុថេត បានសុំគោលការណ៍ទៅព្រះរាជអាជ្ញា និងលោកនាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ទើបមានបទបញ្ជាឲ្យដឹកនាំកម្លាំង មានផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយលោក កែប ប៊ុណ្ណា នាយរងផ្នែក សហការជាមួយកម្លាំងអធិការនគរបាលស្រុក និងកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះបង្ក្រាបតែម្តង ។យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានឲ្យដឹងថា ឈើលេខ១ ប្រភេទឈើសុក្រម និងឈើឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលឲ្យប្រជា ពលរដ្ឋចូលទៅលួច អារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ការលីនឆយ ដែលមានទីតាំងស្ថិតក្នុងឃុំស្តៅ ស្រុកសង្គមថ្មី យកមកលក់ឲ្យក្រុមឈ្មួញក្នុងតម្លៃ ៣០០ដុល្លា ក្នុង១មែត្រគូប។ ដោយក្រុមឈ្មួញប្រើមធ្យោបាយមានរថយន្តសេរីទំនើបៗ ម៉ាកធុនត្រា សុីណា ម៉ាស្តា នឹងរថយន្ថហ្វត ពណ៍ត្រេអីបន្តដឹកឈើ យកទៅខេត្តកំពង់ធំ តាមច្រកផ្លូវចេញពីភូមិតាសែង ទៅព្រំប្រទល់ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ មានសមត្ថកិច្ចជាច្រើនក្រុមនៅប្រចាំការ ទីនោះមិនដែលបានបង្ក្រាបការដឹកជញ្ជូនឈើរបស់មេឈ្មួញម្នាក់នេះឡើយ ប្រហែលបានទទួលផលប្រយោជន៍អស់ទៅហើយក៍ថាបាន។

បច្ចុប្បន្ន វត្ថុតាងមានឈើចំនួន ៩៩ដុំខាងលើ ត្រូវបានដឹកជញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ព្រៃឈើផងដែរ៕SPS

Leave a Reply

Your email address will not be published. Required fields are marked *