ព្រះវិហារៈ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឈឿង មុនី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក អ៊ុយ សាគុណ អនុប្រធានក្រុមការយុវជនគណបក្សខេត្ត និងជាប្រធានលេខាធិការដ្ឋានយុវជន រួមជាមួយលោក លោកស្រីអនុប្រធានយុវជនគណបក្សខេត្ត តំណាងឯកឧត្តមអ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បាននាំយកអំណោយឯកឧត្តម មាស សុភា និងលោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងមានការចូលរួមពីលោកអភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា យុវជនស្រុក និងលោកមេភូមិ ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន ៨វត្តស្ថិតក្នុងស្រុកឆែប ពិធីនេះធ្វើឡើងនៅក្នុងវត្តពហុរុក្ខពុទ្ធិធម្មកិត្យារាម (ហៅវត្តដងផ្លឹត) ក្នុងឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ឈឿង មុនី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ជូនលោកយាយ លោកតាពុទ្ធបរិស័ទ្ធ បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយឯកឧត្តមតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានសំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ អនុវត្តន៍នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សូមបញ្ជាក់ថា សម្ភារៈដែលក្រុមការងារបានយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង ៨វត្តរួមមាន៖ មួយវត្តៗ ទទួលបានថវិកា ៣០ម៉ឺនរៀល អង្ករ ៣៥០គីឡូក្រាម ទានព្រះវស្សា ២គូរ មី ៥កេះ ធូប ១ដុំធំ ស្លាដក់៣ ទឹកសុទ្ធ ៥កេះ ទឹកក្រូច ៥កេះ សៀង ១កែវធំ ឆៃពៅ ១កែវធំ ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ហើយបានប្រគេនថវិកា ១,០០០,០០០រៀល (១លានរៀល) ជូនវត្តដងផ្លិតសម្រាប់ជាបច្ច័យកសាង នឹងជូនតាជី យាយជីចំនួន ៤០នាក់មា្នក់ៗទទួលបានសារ៉ុង១ ថវិកា ១ម៉ឺនរៀលផងដែរ ៕ដោយ សេង ពិសិដ្ឋ

