ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម លី ធុច ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិតតំណាងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងបានដឹកនាំកិច្ចប្រជុំជាមួយគណ:កម្មាធិការគណបក្សក្រុង និងគណ:កម្មាធិការគណបក្សសង្កាត់ទាំង៥ នៅក្រុងបាវិត។
ឯកឧត្តមប្រធានបានជម្រុញអោយសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ព្រមទាំងបានបញ្ជាក់ថា «គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួល បានជីវិតល្អ គឺជាគោលដៅរបស់យើង»។គណបក្ស និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែលើកកម្ពស់ដល់សារៈសំខាន់នៃជីវភាពរស់នៅរបស់ប្រជាជន ដោយធ្វើការចែករំលែកការគិត ការព្រួយបារម្ភ ដោះស្រាយបញ្ហា និងជួយបំពេញតំរូវការរបស់ប្រជាពលរដ្ឋ ធ្វើឱ្យកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់អាចរស់នៅក្នុងជីវិត មួយប្រកបដោយភាពរីករាយ ភាពងាយស្រួល និងការពេញចិត្ត។ការបម្រើប្រជាជនមិនអាចដូចជាខ្យល់កន្រ្តាក់ភ្លាមៗទេ ត្រូវបំពេញការងារដោយសន្សឹមៗ និងជាប្រចាំ ហើយលទ្ធផលភ្លាមៗ និងយន្តការការងារយូរអង្វែងដែលត្រូវការ ដើម្បីបម្រើ ប្រជាជន គឺការថែរក្សាស្ថេរភាព និងបន្តការងារឆ្ពោះទៅមុខជានិច្ច ជាមួយនឹងការធ្វើផែនការដ៏ទូលំទូលាយ និងដំណើរការទៅដោយមានសាមគ្គីភាព ជាពិសេសរួមគ្នាបង្កើតសមិទ្ធិផលជាមួយប្រជាពលរដ្ឋ។ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន យើងត្រូវយកឈ្នះចិត្តរបស់ប្រជាជន និងកែលម្អរាល់សកម្មភាពការងារ របស់យើងជាប្រចាំ។ក្នុងនាមលោកជំទាវ កិត្តិសង្គហបណ្ឌិត ខ្ញុំ បានណែនាំដល់សមាជិកគណបក្សក្រុង និងគណបក្សសង្កាត់ទាំងអស់នូវ ៣ចំណុច សម្រាប់ត្រៀមសកម្មភាពមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំក្រោយនេះ៖១/. អនុវត្តន៍ និងពង្រឹងវិធានច្បាប់ បទបញ្ញត្តិ គោលនយោបាយ គោលការណ៍ណែនាំ និងអនុសាសន៍ ដោយធ្វើការ និងដំណើរការជ្រើសរើសបេក្ខជនផ្លូវការតាមប្រតិទិនបានកំណត់។
២/. រក្សាទំនាក់ទំនងជិតស្និទ្ធ និងស្អាតស្អំ ដោយធានា និងរក្សានូវសមាជិកភាពដែលមានស្រាប់ ជ្រើសរើស និងបន្ថែមសមាជិកថ្មី – អ្នកបោះឆ្នោត និងយុវជនថ្មីត្រូវប្រាកដថាសមាជិកម្នាក់បោះឆ្នោតមួយសន្លឹក។៣/. អភិវឌ្ឍន៍ និងរៀបចំយុទ្ធសាស្រ្តផែនការសកម្មភាពស្តីពីយុទ្ធនាការឃោសនាបោះឆ្នោត និងជំរុញសកម្មភាពបោះឆ្នោតតាមប្រតិទិន ដោយបង្កើតឲ្យមានបណ្តាញរាយការណ៍ជាប្រចាំ។ជាមួយគ្នានេះ ឯកឧត្តម លី ធុច ក៏បានណែនាំឲ្យរដ្ឋបាលក្រុងបាវិត និងសង្កាត់នីមួយៗ ក្នុងកំឡុងពេលបោះឆ្នោត ត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពដល់ក្រុមយុទ្ធនាការ ក្រុមត្រួតពិនិត្យការបោះឆ្នោត ក្រុមអ្នកបោះឆ្នោត និងក្រុមអ្នកច្បាប់ ហើយការរាប់សន្លឹកឆ្នោតត្រូវប្រកបដោយសុវត្ថិភាព។

