ខេត្តព្រះវិហារ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៤នេះតទៅ សម្រាប់ស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង

ព្រះវិហារៈ រដ្ឋបាលខេត្តព្រះវិហារ បានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត ជូនបងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង។ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា មូលហេតុដែលយើងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមក្រុងស្រុកទាំង៣នេះមុនគេ ដោយសារក្រុង ស្រុកទាំង៣នេះ មានការឆ្លងរីករាល ដាលជំងឺកូវីដ១៩ច្រើនជាងគេ ម្យ៉ាងទៀតវ៉ាក់សាំងដែលមកដល់គឺមានកំណត់។ លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងទៀតថា សម្រាប់ស្រុកជាំក្សាន្ត ប្រជាពលរដ្ឋដែល ត្រូវចាក់វ៉ាក់សាំងមានចំនួន៣០៨៨៧នាក់ ស្រី១៥៨២៩នាក់ ទីតាំងដែលត្រូវចាក់វ៉ាក់សាំង មាន៤កន្លែង គឺនៅទីរួមស្រុកជាំក្សាន្ត សាលប្រជុំគណបក្សចំនួន២កន្លែង និងនៅឃុំស្រអែម ក្នុងវិទ្យាល័យហ៊ុនសែនស្រអែមចំនួន២កន្លែង។ក្រោយពីដំណើរការចាក់វ៉ាក់សាំង នេះតទៅ ក្រុមការងារនឹងពង្រីកទីតាំងចាក់ចំនួន ៦កន្លែងថែមទៀតរួមមាន៖*នៅក្រុងព្រះវិហារ ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងមានចំនួន ១០៧៧០នាក់ ស្រីចំនួន៥៨៣៤នាក់ ទីតាំងដែលត្រូវចាក់មាន៥កន្លែងគឺ៖ សាលាបឋមសិក្សា ត្បែងមានជ័យចំនួន៣កន្លែង សាលប្រជុំសាលាក្រុងព្រះវិហារ និងសាលាបឋមសិក្សា ប៉ាលហាល។*ស្រុករវៀង ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងមានចំនួន២៧៧៦៥នាក់ ស្រីចំនួន១៣៩០៣នាក់ ទីតាំងដែលត្រូវចាក់មានចំនួន៤កន្លែងគឺ៖ មណ្ឌលសុខភាពភ្នំដែក មណ្ឌលសុខភាពរវៀង អនុវិទ្យាល័យត្រពាំងទឹម និងអនុវិទ្យាល័យឈ្នួត។ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានបញ្ជាក់ថា ចំពោះវ៉ាក់សាំងដែលត្រូវចាក់គឺមាន២ប្រភេទគឺ៖ វ៉ាក់សាំងស៊ីណូហ្វាម ចាក់ជូនប្រជាពលរដ្ឋចំនួន១០៧៧០នាក់ សម្រាប់ក្រុងព្រះវិហារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ចាក់ជូន ប្រជាពលរដ្ឋចំនួន៥៨៦៦២នាក់ សម្រាប់ប្រជាលរដ្ឋនៅ ស្រុករវៀង និងស្រុកជាំក្សាន្ត ហើយការចាក់វ៉ាក់សាំងនេះ គឺសម្រាប់ប្រជាពលរដ្ឋដែលមាន អាយុចាប់ពី១៨ឆ្នាំឡើងទៅ៕ដោ សេង ពិសិដ្ឋ

 

Leave a Reply

Your email address will not be published. Required fields are marked *