កណ្តាល ៖ ចោរឆក់ម្នាក់ មានដីកាចាប់ខ្លួនស្រាប់ បានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ ដែលប្តីកំពុងឌុបតាមម៉ូតូទៅធ្វើការត្រូវបានប្តីស្រែក«ចោរៗ»ក៏ជួបប៉ូលិសក្រុងតាខ្មៅស្ទាក់ចាប់បាននាថ្ងៃ១៤ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីព្រឹកនៅចំណុចផ្លូវ២០៦ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានអោយថា ជនរងគ្រោះឈ្មោះស៊ន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះលេខ៦៦ផ្លូវលេខ១០បុរីភពថ្មី២ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនBIM។
ចំណែកជនសង្ស័យ:១នាក់ឈ្មោះគឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ស៊េរី២០២១ ស្លាកលេខភ្នំពេញ1IS-3509ជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព,កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១ជារបស់ជនរងគ្រោះ,ទូរសព្ទដៃចំនួន២គ្រឿង(ម៉ាកiphone.Xs maxពណ៌មាស និងម៉ាកmeituពណ៌សលាយផ្កាឈូក)ជារបស់ជនរងគ្រោះ។
សមត្ថកិច្ចបន្តថាខណៈពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ឆ្ពោះទៅកន្លែងធ្វើការនៅភ្នំពេញ, លុះដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូ១គ្រឿងមកពីក្រោយដល់ទន្ទឹមរួចធ្វើសកម្មភាពឆក់កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លើភ្លៅ រួចជិះម៉ូតូគេចខ្លួន ។
ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកថា«ចោរៗ»ផ្អើលដល់ប្រជាពលរដ្ឋទើបកម្លាំងប៉ូលិសក្រុងតាខ្មៅជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាងលើមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលលេខ២៩៦ ដកបចខ ចេញដោយចៅក្រមស៊ើបសួរជួន វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ពីបទ «លួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃ ២៣ ខែមីនា ឆ្នាំ ២០២០ »៕ ដោយ ភាវុន

