ខេត្តកំពង់ឆ្នាំង :នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្ទីរជំនាញ ពាក់ព័ន្ធនិងអាជ្ញាធរអញ្ជើញចុះពង្រឹងអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ម្ចាស់រោងកាត់ដេសំលៀកបំពាក់ ភី អេស ជី ខេមបូឌា ហ្គាមេន & រោងចក្រតិកហ្វុក ស្ថិតនៅក្នុងភូមិអន្លុងត្នោតឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ រាល់ការអនុវត្តទៅបច្ចេកទេស និង វិធានការនានារបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ ដូចជាការលាងសំអាតដៃឲ្យបានញឹកញាប់ជាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកប ដោយប្រសិទ្ធភាពដូចនេះម្ចាស់រោងចក្រសហគ្រាសត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត ។
ដូចនេះសូមម្ចាស់រោងចក្រត្រូវមានការតាមដានចំពោះកម្មករ កម្មការិនីដោយតម្រូវអោយមានការពិនិត្យធ្វើតេស្តរហ័ស( Rapid Test ) ដោយផ្ទាល់ពីម្ចាស់រោងចក្រសហគ្រាស ដោយមានការចូលរួមបណ្តុះបណ្តាលពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍ ក្រោយពីបានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ធាភិបាលកម្ពុជា៣ការពារ ៣កុំ កន្លងមកបានធ្វើអោយម្ចាស់រោងចក្រសហគ្រាស ក៍ដូចជាកម្មករ និយោជិកនៅក្នុងរោងចក្រតិកហ្វុក និងរោងចក្រធី អេស ជី ខេមបូឌា ហ្គាមេនបានអនុវត្តយ៉ាងម៉ត់ចត់ពុំមានការឆ្លងជំងឺកូវីដ១៩ទៀតឡើយ ។
ឯកឧត្តម អម សុភា ក៏បានណែនាំទៅដល់ម្ចាស់រោងចក្រត្រូវបន្តផ្សព្វផ្សាយនូវវិធានការអោយបានជាប់ជាប្រចាំដល់កម្មករ កម្មការិនីកុំអោយភ្លេចខ្លួនពីវិធានការការពារខ្លួនរួចផុតពីជំងឺកូវីដ១៩ ហើយប្រសិនបើមានករណីឆ្លងសូមម្ចាស់រោងចក្រត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរដើម្បីជួយដោះស្រាយអោយទាន់ពេលវេលា ៕ដោយ សុក្ខារិន

