ខេត្តកំពង់ឆ្នាំង៖ សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច ដែលជាគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង ៦ នៃគម្រោងកែលំអរនិងស្ដារឡើងវិញនៅ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹក ភាគខាងលិច បឹងទន្លេសាប ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន ។
គម្រោងមួយនេះបានសាងសង់រួចរាល់ជាស្ថាពររួចហើយ ដែលអាចទាញយកទឹកស្រោចស្រពលើផ្ទៃដីចំនួន៣ ២៨៩ ហិកតា ធារាសាស្ត្រមួយនេះមានទីតាំងស្ថិតនៅក្នុង ឃុំ អញ្ជាញរូង ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ។
ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោកប៊ុនថុន បានឱ្យដឹងថា៖ សមិទ្ធផលថ្មីមួយនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក ដើម្បីធានាផ្គត់ផ្គង់ ក្នុងការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើក ស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀង ប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រ នាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ ។
លោកថាបើគិតមកដល់ពេលនេះ ធារាសាស្ត្រលំហាច បានកសាងរួចរាល់ជាស្ថាពររួចទៅហើយ នៅសល់តែការកែលំអរបន្តិចបន្តួចតែប៉ុណ្ណោះ ។
សំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពផ្ទៃដីស្រែប្រាំងតែប៉ុណ្ណោះទេ វាថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកបរិបូណ៌ ស្រុកទឹកផុស និងស្រុករលាប្អៀរ ផងដែរ ។ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងបន្ថែមទៀតថាសំណង់ធារាសាស្ត្រលំហាច ថ្មីនេះរួមមាន៖ សំណង់ក្បាលហុងទឹក ០១ កន្លែង.សំណង់នាំទឹក ០១ កន្លែង. សាងសង់ប្រឡាយមេ បេតុង ចំនួន ០១ ខ្សែ មានប្រវែង ១៦,៤០ គីឡូម៉ែត្រ. សាង់សងប្រឡាយថ្នាក់ទី ២ ជាបេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ.សាងសង់ប្រឡាយរំដោះទឹក១៥ ខ្សែ ស្មើនឹងប្រវែង៥២,៩០គីឡូម៉ែត្រ . សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ. សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង .សាងសង់សំណង់អគារសហគមន៍ កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង។
ជាចុងក្រោយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានសម្តែងនៅក្តីសង្ឃឹមថា៖ នៅថ្ងៃខាងមុខនេះធារាសាស្ត្រលំហាច នឹងក្លាយទៅជាទីរម្មណីយ៍ដ្ឋានថ្មីមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្តទីនេះពុំខានឡើយ៕ដោយ សុក្ខារិន

