កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើតឡើងលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១បណ្តាលឱ្យយុវជនម្នាក់ស្លាប់។សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿង ម៉ាកMITSUBISHI FUSO ពណ៌សប្រភេទក្បាលសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 3A-7856 សណ្តោងសឺមីរ៉ឺម៉កពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0404 អ្នកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។
លុះបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយ ម៉ូតូ០១គ្រឿងម៉ាកYAMAHA SIRIUS RC ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ថុន សិលា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។សពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ,ចំណែករថយន្តខូចស្រាលមួយគ្រឿង និងម៉ូតូខូចធ្ងន់មួយគ្រឿងត្រូវបានកម្លាំងប៉ូលិសជំនាញចរាចរណ៍ស្រុកកៀនស្វាយវាស់វែងហើយយកទៅរក្សាទុកជាភស្តុតាងតាមនីតិវិធី ៕ដោយ ភាវុន

