កំពង់ធំ៖លោកជំទាវ ឃួន ឃុនឌីសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានអំពាវប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលបានកសាងរួចទុក្ខជាសម្បត្តិរួម ។
លោកជំទាវបានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកជំទាវនិងក្រុមការងារបានចុះពិនិត្យមើលស្ថានភាពស្ពាននិងកែលំអរក្បាលស្ពានឆ្លងស្ទឹងសែនស្ថិតនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់សា្វយ ស្រុកកំពង់ស្វាយ កំពង់ធំថ្ងៃទី៣០ ខែតុលាឆ្នាំ២០២១ ។
លោកជំទាវបានបន្តថាដោយសារប្រទេសជាតិមានសុខសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទានកើតចេញពីទឹកចិត្តជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួន ដើម្បីយកមកកសាង។ក្នុងការចុះពិនិត្យលោកជំទាវបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាការដាំដុះការនូវផ្កាចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាពដើម្បីរៀបចំដាក់សម្ពោធឲដំណើរការពេលខាងមុខ ។
ជាមួយគ្នានេះ លោកស្រី ក៏បានថ្លែងអំណរគុណលោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលបានមកពីបណ្តាខេត្តក្រុង ទាំងអស់ ដែលបានចូលរួមដើម្បីនាំយកបច្ច័យមកកសាង នូវសមិទ្ធផលនានា ក្នុងខេត្តកំពង់ធំនេះ។
លោកជំទាវបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រុវនាំគ្នារក្សាសន្តិភាព ឲ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
លោក អឹម ជុង ប្រធានគណៈកម្មការវត្ត បានលើកឡើងថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទ តាមកម្លាំងសទ្ធាដោយបានកសាង តាំងពីឆ្នាំ២០១៨ ហើយការសាងសង់ស្ពានថ្មមានប្រវែង១៥១ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកា អស់ជាង៦០ម៉ឺនដុល្លារ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំងដោយទទួលបានស្ពានថ្មថ្មីជាចំណងដៃក្នុងខេត្តកំពង់ធំ ដែលនឹងសម្ពោធឲ្យបើកប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខហើយយើងឃើញថានេះគឺជាកម្លាំងសាមគ្គីមួយ ដែលមិនដែលមានប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ណាធ្វើបានស្ពាន ដែលមានតម្លៃច្រើនហួសប្រមាណនេះ។

