អភិបាលខេត្តកំពង់ធំ ក្រើនរំឭកមាតា បិតា អាណាព្យាបាល ដែលត្រូវយកកូនចៅ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការបីការពារ បីកុំ កុំឲ្យឆ្លងជំងឺ

ដោយ៖ឈិត សំបូរ

ខេត្តកំពង់ធំ៖ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ ៥ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ  នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំឭក និងអំពាវនាវចំពោះ មាតា បិតា អាណាព្យាបាល ដែលត្រូវនាំបុត្រធីតា ឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ឧស្សាពាក់ម៉ាស និងភ្ជាប់មកជាមួយនូវទឹកអាល់កុល និងសូមចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និង សហគមន៍ កុំឆ្លងនូវជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណគុណដល់ ក្រុមគ្រួសារ មាតា បិតា និងអាណាព្យាបាល ដែលបាននាំកូនចៅ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅពេលនេះ។ ទន្ទឹមនឹងនោះដែរ ក្មួយៗ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្តនិងពោពេញ

ដោយភាពក្លាហាន មិនមានការភ័យខ្លាចនោះទេ។ ហើយចំពោះការចាក់វ៉ាក់សាំងនេះដែរ សម្រាប់ដូសទីមួយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម្រាប់ដូសទីពីរចាប់ផ្ដើមពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក និងពេលរសៀល ចាប់ពីម៉ោង ១:០០រសៀល ដល់ម៉ោង ៤:០០រសៀល ហើយការចាក់វ៉ាក់សាំងនេះ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន នៅទីតាំងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកធនធាន និងវ៉ាក់សាំង ចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងខេត្តកំពង់ធំ  ចាប់ពីកុមារ យុវវ័យ និងមនុស្សចាស់ ហើយចំនួននៃការចាក់វ៉ាក់សាំងនេះ គឺចាក់បានឆាប់រហ័ស និងច្រើនលើសលប់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដែលអាចធ្វើឲ្យយើងឈានទៅដល់ការបើកប្រទេសជាតិឡើងវិញនៅពេលខាងមុខឆាប់ៗនេះជាពិសេសក្មួយៗ បានចូលរៀនឡើងវិញ។ លទ្ធផលដ៏ល្អប្រសើរ គឺបានមកពីដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ព្រមទាំងបានគិតគូរពីជីវិតរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ផងដែរថា ចំពោះកុមារដែលមានអាយុប្រាំឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សូមមាតា បិតា អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តាភ្ជាប់មកជាមួយនូវឯកសារ ពាក់ព័ន្ធ ដែលមាននៅក្នុងជូនដំណឹងរបស់រដ្ឋបាលខេត្ត។

Leave a Reply

Your email address will not be published. Required fields are marked *