បុរសម្នាក់ត្រូវប៉ូលិសស្រុកកោះធំចាប់ខ្លួនបន្ទាប់ពីយកពូថៅកាប់និងវាយបំផ្លាញបង្គោលភ្លេីងសាធារណៈ

ដោយ៖ភាវុន

កណ្តាល៖បុរសម្នាក់ត្រូវប៉ូលិសស្រុកកោះធំចាប់ខ្លួនក្នុងករណីធ្វើឱ្យខូចខាតដោយចេតនាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈកាលពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង៥ល្ងាច  នៅចំណុចភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានអោយដឹងថា  ជនរងគ្រោះឈ្មោះ ឡោ ឡេង ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមេភូមិព្រែកយាយហាយ។

ជនសង្ស័យឈ្មោះ ហ៊ិន កុសល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ  ។ បានធ្វើតេស្តរហ័សរកវីរុសCOVID-19 លទ្ធផលអវិជ្ជមាន (-) និងធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន(+) ។វត្ថុតាងចាប់យកមានពូថៅដងឈើផ្លែដែក ចំនួន០១ មានប្រវែង ៤៥ស.ម។

សមត្ថកិច្ចបានបន្តថា  ជនសង្ស័យ ហ៊ិន កុសល ភេទប្រុស គឺជាមុខសញ្ញាជក់គ្រឿងញៀនខុសច្បាប់ ធ្លាប់ត្រូវបានប៉ូលិសប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ហៅមកធ្វើកិច្ចសន្យាអប់រំណែនាំម្ដងរួចមកហើយ។

លុះនៅពេលវេលាកើតហេតុខាងលើ បន្ទាប់ពីជនសង្ស័យ ហ៊ិន កុសល បានផឹកស្រាថ្នាំស្រវឹងជោកខ្លួន ក៏បានយកពូថៅចំនួន០១ ដើរទៅកាប់បំផ្លាញបង្គោលភ្លើងតាមដងផ្លូវ ក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បណ្ដាលឱ្យមានស្នាមទ្រុឌខូច អស់ចំនួន២៥បង្គោល និងបែកអំពូលភ្លើងអស់ចំនួន២៥អំពូល។ នៅពេលនោះដែរប្រជាពលរដ្ឋនៅក្នុងភូមិដែលបានឃើញហេតុការណ៍នេះ បាននាំគ្នាមករាយការណ៍ជូនជនរងគ្រោះដែលជាមេភូមិឱ្យបានដឹង ព្រោះជនរងគ្រោះគឺជាមេភូមិ និងជាអ្នកផ្ដួចផ្ដើមគំនិតកសាងបង្គោលភ្លើងបំភ្លឺផ្លូវខាងលើនេះឡើង។

ជនរងគ្រោះក៏បានចុះទៅពិនិត្យឃើញមានការបែកបាក់ខូចខាត ដូចប្រជាពលរដ្ឋរាយការណ៍មែន ក៏បានរាយការណ៍មកប៉ូលិសប៉ុស្ដិ៍ព្រែកថ្មី ឱ្យចុះអន្តរាគមន៍ចាត់ការតាមច្បាប់តែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍ព្រែកថ្មី បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ហ៊ិន កុសល រួមជាមួយវត្ថុតាងពូថៅ មកកាន់ប៉ុស្ដិ៍រដ្ឋបាលដើម្បីសួរនាំ និងបញ្ជូនបន្តមកកាន់អធិការដ្ឋានស្រុកកោះធំ ចាត់ការបន្តតាមនីតិវិធីតែម្ដង។

ចំពោះជនសង្ស័យ ហ៊ិន កុសល និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋានស្រុកកោះធំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *