ឯកឧត្តម ម៉ែន វិបុល នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ជនងាយរងគ្រោះមាន ចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយេមរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពការជួបវិបត្តិជាសកលនៃ ជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង

ដោយ៖សាយ ហ្គន

ខេត្តស្វាយរៀង៖ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅព្រឹកថ្ងៃទី០៤  ខែវិច្ឆិកា ឆ្នាំ ២០២១នេះ  ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងឯកឧត្តម  ជុំ  ហាត  អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត  រួមទាំងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយេមរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពការជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង រួមមានសង្កាត់ស្វាយរៀង ព្រៃឆ្លាក់ គយត្របែក ចេក ពោធិតាហោ ស្វាយតឿ និងសង្ឃ័រ ដែលពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ។

មានប្រសាសន៍ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ  ឯកឧត្តមអភិបាលខេត្តបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស អាជ្ញាធរមូលដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ “ឲ្យបានខ្ជាប់ខ្ជួនខណៈដែលសាលារៀនបានបើកឲ្យដំណើរការចូលររៀនឡើងវិញចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

ឯកឧត្តមក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវជាពិសេសពេលធ្វេីដំណេីរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា  ម្យ៉ាងទៀតត្រូវធ្វេីការអប់រំណែនាំកូនចៅឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១)ថវិកាមួយចំនួនទៀត។

Leave a Reply

Your email address will not be published. Required fields are marked *