រដ្ឋបាលខេតុ្តព្រះវិហារ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ និងខួបលើកទី១៧ ឆ្នាំនៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះមហាក្សត្យ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេតុ្តព្រះវិហារ បានរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ (៩វិច្ឆិកាឆ្នាំ១៩៥៣-៩វិច្ឆិកាឆ្នាំ២០២១) រួមនិងខួបលើកទី១៧ ឆ្នាំនៃការគ្រង ព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃកម្ពុជា។ ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមវត្តមានលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ និងយុវជន សហភាពសហព័ន្ធកម្ពុជា ជាច្រើនរូបទៀត។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា ដើម្បីសម្តែងនូវមនោសញ្ចេតនា សោមនស្សរីករាយ អបអរសារទរ នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ ក៏ដូចជាការដឹងគុណនូវទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិ ជូនជាតិមាតុភូមិពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៍ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្យ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ប្រាក់ សុវណ្ណ បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន និងរឹងមាំបំផុតរបស់ជាតិ។

ក្នុងឱកាសនេះដែរលោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនពលី គ្រួសារក្រីក្រ សរុប ៤១គ្រួសារ ដោយមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអីវ ១យួរ,  សារុង១ ក្រមា១, ភួយ១, មុង១, ម៉ាស់ ១០បន្ទះ និងថវិកាមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *