ដោយ៖ភាវុន
កណ្តាល ៖ ជនសង្ស័យម្នាក់បានពួនសំងំនៅក្នុងចម្ការក្រូច ប៉ុនប៉ងគាស់ផ្ទះលួចសម្ភារ ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ភី សុផា ស្ថិតក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ភី សុផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ចំណែកជនសង្ស័យឈ្មោះ ទន់ សុភាព ហៅ អ៊ូក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ១ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។វត្ថុតាងចាប់យករួមមាន ១-ទូរសព្ទចំនួន០១គ្រឿងម៉ាកណូគា(ចុចពិល), ២-ដែកកេះចំនួន ០១ដើម , ៣-ដង្កាប់ចំនួនមួយនិង៤-កូនសោចំនួនមួយ(ចុងម្ខាងលេខ១៤ចុងម្ខាងលេខ១៧)។
សមត្ថកិច្ចបន្តថា ដំបូងជនសង្ស័យបានចូលចូលទៅពួនសំងំក្នុងចម្ការក្រូច ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ,បន្ទាប់បានធ្វើសកម្មភាពបម្រុងដើរចូលផ្ទះរបស់ជនរងគ្រោះ ក៏ត្រូវបានអ្នកជិតខាងរបស់ជនរងគ្រោះឃើញក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលរួចបាននាំគ្នាចាប់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្វាយប្រទាលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើ ពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពលួចនៅឃុំស្វាយប្រទាលចំនួន ០២លើកលួចម៉ូទ័របូមទឹកនិងលុយ ,ហើយលួចនៅឃុំត្រើយស្លា០១លើកលួចម៉ូទ័របូមទឹក»។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីយកទៅអនុវត្តតាមនីតិវិធី ៕

