ដោយ៖ភាវុន
កណ្តាល៖សមត្ថកិច្ចស្រុកស្អាងបានឃាត់ខ្លួនបុរសម្នាក់ក្នុងករណីប្រើអំពើហិង្សាដោយចេតនា កើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង១០នាទីយប់នៅចំណុចភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះនិត ណាង ហៅប្រុស ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់។
ចំណែកជនសង្ស័យឈ្មោះខ្លុយ រ៉ា ហៅហេងភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ១-កាំបិតផ្គាក់ផ្លែដែកដងឫស្សីប្រវែង៦០ស.មចំនួនមួយ, ២-ចបជីកធ្វើអំពីដែកទីបប្រវែង១០០ស.មចំនួនមួយនិង៣-ស្នរដងឫស្សីផ្លែដែកចំនួនមួយ។
សមត្ថកិច្ចបន្តថា ដំបូងឈ្មោះខ្លុយ រ៉ា បានឈ្លោះគ្នាជាមួយឈ្មោះនិត ណាង ដោយឈ្មោះប្រុស បានយកចបជីកវាយទៅលើក្បាលឈ្មោះខ្លុយ រ៉ា ។ភ្លាមនោះឈ្មោះខ្លុយ រ៉ាបានរត់ទៅយកកាំបិតផ្គាក់ទៅកាប់ឈ្មោះនិត ណាង បណ្ដាលឱ្យមានរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពទ្យជ័យជំនះ។ ចំណែកឈ្មោះខ្លុយ រ៉ា ត្រូវប៉ូលិសឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី៕

