កណ្តាល ៖ បុរសម្នាក់បានយកឧបករណ៍កែច្នៃទៅឆក់យកត្រីធ្វើម្ហូបប្រចាំថ្ងៃនៅក្បែរភ្លឺស្រែ ចៃដន្យឆក់ចរន្តអគ្គិសនីដោយខ្លួនឯងបណ្ដាលឱ្យស្លាប់ ដឹងកើតហេតុ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៧និង៤០នាទីព្រឹក នៅចំណុចជាប់ភ្លឺស្រែ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថាថាថា ជនរងគ្រោះឈ្មោះ ឡេង លុច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ(មានប្រពន្ធប៉ុន្តែលែងលះគ្នា) ទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងបន្សល់រួមមាន អាគុយចំនួន០១គ្រឿងម៉ាកឡុង(long) ពណ៌ស កម្លាំង៤០អំពែរ, អាំងវែកទ័រកែច្នៃ(ដុំឆក់ត្រី)ចំនួន០១គ្រឿង, ដងឆក់ធ្វើពីឫស្សីមានដែកខាងចុងប្រវែងកន្លះម៉ែត្រ និងខ្វារពាក់លើក្បាលសម្រាប់បំភ្លឺផ្លូវចំនួន០១។
មន្ត្រីនគរបាលបានបន្តថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីយប់ជនរងគ្រោះបានរៀបចំឧបករណ៍សម្រាប់ឆក់ត្រីដូចរាល់ដង។លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង០៧និង៤០នាទី ស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញមនុស្សស្លាប់ដោយឆក់ត្រីក៏រាយការណ៍មកសមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចផ្នែកពិនិត្យកន្លែងកើតហេតុស្រុក សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍ គ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះបានរអិលជើងដួលផ្កាប់មុខចូលទៅក្នុងទឹកដោយដៃស្ដាំច្របាច់ប្រដាប់ឆក់ត្រីជាប់ទើបបណ្ដាលឱ្យឆក់ស្លាប់តែម្តង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
បើតាមការសន្និដ្ឋានពីលោកគ្រូពេទ្យនិងនគរបាលរជំនាញថា «ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគិសនីស្លាប់ដោយខ្លួនឯងពិតប្រាកដមែន»។សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ភាវុន

