បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ.ការិនី ខ្សោយសតិបញ្ញា

កំពង់ធំ៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក។

អភិបាលរងខេត្តកំពង់ធំ បានបន្ដថា ការប្រកួតមិនមែនដើម្បីតែជ័យជម្នះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គី ភាព បំបាត់ការរើសអើង និងផ្ដល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡា ការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាដើមខែធ្នូខាងមុខផងដែរ។

ការថ្លែងនេះរបស់ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពុហុកីឡាដ្ឋានខេត្តកំពង់ធំ។

ជាមួយគ្នានេះ លោកឃ្លាំង ចន្ធូ អគ្គលេខាធិការជាតិ កីឡាស្ប៉េស្យាល់បានឲ្យដឹងថា កីឡាស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រង ផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និងការចូល រួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាន រៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ។

ហើយម៉្យាងវិញទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្ដាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី បញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹក ចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកកម្ពុជា។

លោក ឃ្លាំង ចន្ធូ បានបន្ថែមថា មកដល់ពេលនេះ ឃើញថាបានបង្កើតអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្តចំនួន១៤ រួចហើយត្រឹមឆ្នាំ២០២០ រួមមាន៖ អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តព្រះវិហារ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍចលនាស្ប៉េស្យាល់ អន្តរជាតិ ក៏ដូចជាចលនាស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការហ្វឹកហាត់ពេញ មួយឆ្នាំ និងចូលរួមរាល់សកម្មភាពទាំងថ្នាក់រាជធានី ខេត្តថ្នាក់ជាតិ និងអន្តរជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *