កណ្តាល ៖ បុរសជាមេការសំណង់ម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួល បន្ទាប់ពីបានធ្វើសកម្មភាពចាប់ស្ត្រីមានប្តីម្នាក់រំលោភសេពសន្ថវៈមិនបានសម្រេច នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២និង២៥នាទី នៅចំណុចក្នុងបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ក.ម. ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំនៅមុខរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះទឹម យ៉ត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
ប៉ូលិសបន្តថា កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១ ជនរងគ្រោះបានយកខោអាវដែលខ្លួនបានគក់រួចហើយហាលមិនទាន់ស្ងួត បានយកទៅដាក់ហាលសំដិលនៅក្នុងបន្ទប់ជួលមួយដែលគ្មានអ្នកស្នាក់នៅក្បែរបន្ទប់របស់ខ្លួន។ រហូតដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង១២និង២៥នាទី ជនរងគ្រោះបានត្រឡប់មកពីទិញទឹកកកដើម្បីទុកក្លាស្សេបន្លែ ក៏ជួបជាមួយជនសង្ស័យ ហើយជនសង្ស័យបានសួរទៅជនរងគ្រោះថា«ពេលណាបានឱ្យបងទៅជួប?»។
ពេលនោះជនរងគ្រោះក៏បានឆ្លើយតបទៅវិញថា«មកជួបខ្ញុំមានការអ្វី?»បន្ទាប់មកជនរងគ្រោះក៏ដើរបន្តទៅបន្ទប់ជួលរបស់ខ្លួន។ ក្រោយពីជនរងគ្រោះបានដាក់ទឹកកកក្លាស្សេបន្លែរួចរាល់ហើយ ក៏ដើរទៅយកខោអាវដែលខ្លួនបានដាក់ហាលសំដិលនៅក្នុងបន្ទប់នោះ ដើម្បីយកមកទុកនៅក្នុងបន្ទប់របស់ខ្លួនវិញ។
នៅពេលជនរងគ្រោះកំពុងយកខោអាវនោះស្រាប់តែឃើញជនសង្ស័យមកបើកទ្វារបន្ទប់នោះ ហើយចូលទៅចាប់ឱបស្ទាបអង្អែលលើរាងកាយរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរើបម្រាស់រួចក៏រត់ចេញពីបន្ទប់នោះហើយក៏ជួបជាមួយស្វាមីរបស់ខ្លួននិងបាននិយាយប្រាប់អំពីសាច់រឿងទាំងអស់ បន្ទាប់មកភាគីទាំងពីរក៏បានជួបជជែកដើម្បីដោះស្រាយគ្នា។
ក្រោយមករហូតដល់វេលាម៉ោង២និង៣០នាទីរសៀលភាគីទាំងពីរជជែកគ្នាមិនត្រូវ ទើបជនរងគ្រោះបានទូរសព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន បន្ទាប់ពីកម្លាំងប៉ូលិសប៉ុស្ដិ៍ទទួលបានព័ត៌មាន ក៏ចុះទៅដល់កន្លែងកើតហេតុនិងបានអញ្ជើញភាគីទាំងពីរមកអធិការដ្ឋានប៉ូលិសស្រុកដើម្បីសួរនាំតាមនីតិវិធី។
ក្រោយមកជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានចូលទៅក្នុងបន្ទប់នោះមែន គោលបំណងគឺចាប់រំលោភលើជនរងគ្រោះ ដោយសារខ្លួនបានលួចស្រឡាញ់លើជនរងគ្រោះរយៈពេល១៥ថ្ងៃមកហើយ»។
ចំពោះករណីនេះកម្លាំងប៉ូលិសផ្នែកជំនាញបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ភាវុន

